Thursday , August 6 2020

ប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិច – ប្រាសាទខ្មែរ

ទស្សនៈ​អំពី ប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិច

ទិស​ខាងកើត​ថ្ងៃ​រះ​ ​និង​ទិស​ខាងលិច​ថ្ងៃ​លិច ។​ ​ចំពោះ​សំណង់​ដែល​ទុក​ជាទី​គោរព​សក្ការៈ​ទាំងឡាយ​មាន​ ប្រាសាទ​ ព្រះវិហារ​ ​កុដិ​ ​សាលា​ រាជវាំង​ ​ផ្ទះ​ ​ឬ​ភូមិ​គ្រឹះ​របស់​មន្ដ្រី​សំខាន់ៗ​តែងតែ​បែរមុខ​ទៅ​ទិស​ខាងកើត​ ។ ប៉ុន្ដែ​គេក៏​ឃើញ​មានសំណង់មួយចំនួនមិនគោរពតាម​ទំនៀមនេះផងដែរ ដូចជា ​ព្រះ​វិហារ​អដ្ឋរស​នៅ​ភ្នំ​ឧត្ដុង្គ​​បែរមុខ​ទៅ​ទិស​ខាងជើង​ និង​ប្រាសាទ​អង្គរវត្ដ​បែរមុខ​ទៅ​ទិស​ខាងលិច ជាដើម ។​​

ប្រាសាទ​អង្គរវត្ដ​ជា​ស្នា​ព្រះ​ហស្ដ​ព្រះបាទ​ សូរ្យវរ្ម័នទី​២ ​(គ.ស​១១១៣-១១៥២) ។ ប្រាសាទ​នេះ​សាងសង់​នៅ​លើ​ផ្ទៃ​ដី​១៩០​ហិកតា ​មាន​រាង​ចតុកោណ​កែង​ស្ទើរ​ស្មើ​ជ្រុង​ ​គឺ​មាន​បណ្ដោយ​ប្រវែង​១៥០០​ម៉ែត្រ​ ​និង​ទទឹង​ប្រហែល​ ១៣០០​ម៉ែត្រ និង​មាន​​កម្ពស់​ ៦៥​ម៉ែត្រ ។ ប្រាសាទ​អង្គរវត្ត​មាន​រូប​ចម្លាក់​ទេពអប្សរា​សរុប​ចំនួន​ ១៥០០​រូប ។​ ​បរិវេណ​ប្រាសាទ​អង្គរវត្ដ​ព័ទ្ធ​ជុំវិញ​ដោយ​គូ​ទឹក​យ៉ាង​ធំ​ដែល​មាន​ទទឹង​ ១៩០​ម៉ែត្រ ។​ ​បន្ទាប់​ពី​គូ​ គឺ​កំផែង​ថ្ម​ព័ទ្ធ​ជុំវិញ​ដែល​មាន​បណ្ដោយ ​១០២៥​ម៉ែត្រ​ ​និង​ទទឹង​៨០០​ម៉ែត្រ ។ គេ​ចូល​ទៅ​ក្នុង​បរិវេណ​ប្រាសាទ​ពី​ទិស​ខាងលិច​នៃ​ប្រាសាទ​តាម​ផ្លូវ​ដែល​ ក្រាល​ដោយ​ថ្មភក់​របៀប​ដូច​ជា​ស្ពាន​ឆ្លងកាត់​គូ ។​ ​លុះ​ដើរ​ទៅ​ជិត​ខ្លោង​ទ្វារ​ធំ​នោះ​ គេ​នឹង​ឃើញ​ប្រាង្គ​ប្រាសាទ​ទាំងមូល​ស្ថិត​នៅ​ពេញ​ប្រឡោះ​ខ្លោងទ្វារ​សំដៅ​ តួ​ប្រាសាទ​ដែល​អម​ដោយ​បង្កាន់ដៃ​មាន​រាង​ជា​នាគ​ក្បាល​ប្រាំពីរ ។​

ដោយ​មាន​ការ​សំគាល់​ផ្លូវ​ចូល​ពី​ទិស​ខាងលិច​យ៉ាងនេះ ​ទើប​មាន​ទស្សនៈ​ជា​ច្រើន​យល់​ថា​ អង្គរវត្ដ​បែរមុខ​ទៅ​ទិស​ខាងលិច​ រីឯ​នៅ​ផ្នែក​ខាងកើត​ពុំ​មាន​ស្ថាបនា​ផ្លូវ​ឱ្យ​ល្អ​សក្ដិ​សម​ដូច​ផ្លូវ​នៅ​ ទិស​ខាងលិច​នោះ​ឡើយ ។​ ​ប៉ុន្ដែ​នៅ​ក្នុង​តួ​ប្រាសាទ​ទាំងអស់​នៅ​អង្គរវត្ដ​គេ​ឃើញ​បដិមា​បែរ​ព្រះ​ ភ័ក្ដ្រ​ទៅ​ទិស​ខាង​កើត​ជា​ធម្មតា ។​

ប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិច - ប្រាសាទខ្មែរ

បាន​ជា​គេ​ឱ្យ​ឈ្មោះ​ថា​ប្រាសាទ​អង្គរវត្ដ​ គឺ​ពាក្យ​ថា​ «វត្ដ»​ ​ក៏​ដូច​ជា​វត្ដ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​យើង​បច្ចុប្បន្ន​ដែរ ។​ ​«វត្ដ»​ ប្រែ​ថា​ជាទី​គោរព​ប្រណិប័តន៍​ ​ឯ​អង្គរ​ហៅ​ថា​នគរ​ ឬ​ប្រទេស​ ឬ​ផែនដី​ដែល​គួរ​គោរព​ប្រណិប័តន៍ ។​ ​ប្រាសាទ​អង្គរវត្ដ​ជា​តំណាង​ផែនដី​នៃ​ព្រះ​សុមេរុ៍ ។​ ​បើ​និយាយ​អំពី​វត្ដ​ គឺ​គេ​អាច​ធ្វើ​ផ្លូវ​ចូល​ពី​ទិស​ខាង​ណា​ក៏​បាន​ដែរ​ ​ឱ្យ​តែ​កុដិ​សាលា​ និង​ព្រះ​វិហារ​បែរមុខ​ទៅ​ទិស​ខាងកើត​នោះ​ពិតជា​ត្រឹមត្រូវ​ហើយ ។​

ចំពោះ​ទស្សនៈ​ខ្លះ​ដែល​គេ​ឃើញ​ផ្លូវ​ចូល​ប្រាសាទ​អង្គរវត្ដ​ពី​ទិស​ខាងលិច​ គេ​បាន​យល់​ថា ៖​

  1. បើ​សង់​ប្រាសាទ​បែរមុខ​ទៅ​ទិស​ខាងកើត​ (បើកផ្លូវ​) នោះ​វា​ជិត​ស្ទឹង​សៀមរាប​ពេក​ គ្មាន​ទីធ្លា​ធ្វើ​បុណ្យ​ទាន​ ​ឯ​ផ្លូវ​ទៅ​កាន់​អង្គរធំ​នៅ​ទិស​ខាងលិច​ស្រាប់ ។​ ​នេះ​បើ​តាម​កត្ដា​ភូមិសាស្ដ្រ ។​ប៉ុន្ដែ​បើ​តាម​ជំនឿ​គេ​យល់​ថា​ ស្ទឹង​សៀមរាប​ហូរ​នាំ​ទឹក​ដ៏​ស័ក្ដិសិទ្ធិ​ប្រៀប​ដូច​ទឹក​អង្គ​បំពង់​ខ្ចី​ ស្រោចស្រព​ខាងកើត​ប្រាសាទ​ គឺ​ជា​សេរី​មង្គល​ជា​អមតៈ​របស់​ប្រាសាទ ។​ ​ម្យ៉ាងទៀត​ស្ទឹង​សៀមរាប​ដែល​ហូរ​នៅ​ខាងកើត​ប្រាសាទ​អង្គរវត្ដ​ គឺ​ជា​កំពង់​ចម្លង​ថ្មភក់​ដែល​ដឹក​ជញ្ជូន​មក​ពី​ភ្នំ​គូលែន​សម្រាប់​កសាង​ ប្រាសាទ​ ម្ល៉ោះហើយ​ទីនោះ​មិន​អាច​ទុក​ឱ្យ​នៅ​ទំនេរ​ទេ​គឺជា​កន្លែង​គំនរ​ថ្ម​សម្រាប់ ​បន្ដ​យក​ទៅ​កសាង​ប្រាសាទ ។​
  2. ខ្លះ​ទៀត​យល់​ថា បើ​សង់​បែរមុខ​ទៅ​ទិស​ខាងកើត​នោះ​ ហាក់ដូចជា​បែរខ្នង​ឱ្យ​ប្រាសាទ​សំខាន់ៗ​ឯទៀត ។​
  3. ខ្លះ​ទៀត​យល់​ថា​ ការ​សង់​ប្រាសាទ​បែរ​ទៅ​ទិស​ខាងលិច​គឺ​ជា​ផ្នូរ​របស់​ព្រះបាទ​សូរ្យវរ្ម័ន​ ទី​២ ព្រោះ​ខាងលិច​ជា​និម្មិតរូប​នៃ​សេចក្ដី​ស្លាប់​ ឬ​មរណភាព ។ លក្ខណៈ​ពិសេស​ម្យ៉ាងទៀត​គឺ​ការ​ដើរ​ទស្សនា​ប្រាសាទ​តាម​រយៈ​រូបចម្លាក់​ដែល​ ឆ្លាក់​លើ​ជញ្ជាំង​ទី​១​នៃ​ប្រាសាទ​ដ៏​អស្ចារ្យ​នេះ​ក៏​ត្រូវ​ធ្វើ​ដំណើរ​ ចេញពី​ឆ្វេង​ទៅ​ស្ដាំ​ ​ដូច​ទៅ​នឹង​ការ​ដើរ​ហែ​ក្បួន​សព​ជុំវិញ​ឈាបនដ្ឋាន​ដែរ ។​ហេតុនេះ​ ប្រាសាទ​អង្គរវត្ដ​ជា​កន្លែង​សម្រាប់​តម្កល់​ព្រះ​សព​របស់​មហាក្សត្រ​ខ្មែរ​ ព្រះ​នាម​ព្រះបាទ​សូរ្យវរ្ម័នទី​២​ព្រោះ​គេ​ឃើញ​មាន​បន្សល់​មឈូស​ថ្ម​ជា​ ភស្ដុតាង​ស្រាប់ ។​ ប្រាសាទអង្គរវត្ដ​ជា​វិមាន​ទេវៈ​ ឬ​ហៅ​ថា​ទេវស្ថាន​ផង​ដែរ​ព្រោះ​មហាក្សត្រ​ព្រះ​នាម​សូរ្យវរ្ម័ន​ទី​២​ក្រោយ​ ពី​ព្រះ​អង្គ​សោយ​ទីវង្គត​ទៅ​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​អង្គ​ទ្រង់​ សណ្ឋិត​ជា​ទេវៈ​ក្នុង​ទេវស្ថាន​ដ៏​ស័ក្ដិសិទ្ធិ​នេះ ។

កំណត់​សម្គាល់

មាន​សម្មតិកម្ម​មួយ​ចម្លែក​​ជាង​គេ​ ធ្វើ​ឡើង​ដោយ​លោក​សាស្ត្រាចារ្យ កេង វ៉ាន់សាក់ ។ ​លោក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​ថា ​ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​សង់​បែរមុខ​ទៅ​ទិស​ខាង​លិច​ពីព្រោះ​ប្រាសាទ​ នេះ​គឺ​ជា​ប្រាសាទ​មន្តអាគម ប្រាសាទ​បណ្ដាសា​ឲ្យ​រលំ​រលាយ រលត់ ស្លាប់ ដោយ​ក្រុម​អ្នក​ប្រាជ្ញ​ខ្មែរ​ដើម​ ហៅ​ថា «ក្រុម​បាគូរ» ដែល​គោរព​យ៉ាង​ខ្ជាប់ខ្ជូន​នូវ​គ្រូ​ទាំង​ប្រាំ គឺ មេ បា ព្រះ តា ចៅ ។ ខ្មែរ​ដើម​ប្រកាន់​ចំនួន​ប្រាំ​ថា​ល្អ ដូចជា ការ​រាប់​លេខ ការ​ថ្វាយ​គ្រូ​ខ្មែរ​ដោយ​ស្លា​ប្រាំ​ ម្លូ​ប្រាំ ធូប​ប្រាំ បារី​ប្រាំ ប្រុស​ទ្រូង​ប្រាំ​ហស្ត បាយសី​ប្រាំ​ជាន់ ជាដើម ហើយ​ដាក់​បណ្ដាសា​ចំនួន​បី​ឲ្យ​វិនាស​អន្តរាយ ដូចជា​ ថតរូប​បី​នាក់​ជាដើម ។ លោក​បញ្ជាក់​បន្ថែម​ថា ក្រុម​បាគូរ​បាន​រចនា​ប្លង់​ឡើង​ដោយ​បង្វែរ​កំពូល​បី​ក្នុង​ចំណោម​​កំពូល​ ប្រាំ​ទៅ​ទិស​ខាងលិច គឺ​ក្នុង​គោលបំណង​សម្លាប់​អ្វី​ដែល​ជា​បីៗ​ដែល​ជា​បាត​ឫស​គល់​នៃ​ទស្សនៈ​ ឥណ្ឌា ។ ក្នុង​ទស្សនៈ​​ឥណ្ឌា​ទោះជា​ព្រហ្មញ្ញសាសនា ឬ​ព្រះពុទ្ធសាសនា​ក្ដី​គឺ​គោរព​ចំនួន​បីៗ ដូចជា ព្រហ្មញ្ញសាសនា​គោរព​អាទិទេព​បី មាន​ព្រះព្រហ្ម ព្រះនរាយណ៍ និង​ព្រះឥសូរ ត្រៃ​ភព (ភព​ទាំង​បី) ត្រៃ​វេទ (វេទ​ទាំង​បី) រីឯ​ព្រះពុទ្ធសាសនា​មាន​ត្រៃ​រតន៍ ទាន​បី​ធូប​បី សំពះ​បី​ដង ប្រទក្សិណ​បី​ជុំ ។ ចំពោះ​ខ្មែរ ចំនួន​បី គឺ​អាក្រក់ ស្លាប់ អន្ដរធាន ចង្រៃ ដូចជា ឡេវអាវ​បី​ជា​ឡេវអាវ​ខ្មោច ទៅ​ព្រៃ​កាប់​ឧស​មិន​ឲ្យ​ចង​បី​កំណាត់​គឺ​ចង​ខ្មោច យក​ខ្មោច​ទៅ​កប់​ត្រូវ​ប្រទក្សិណ​បី​ជុំ​ជាដើម (ស្វែង​យល់​បន្ថែម) ៕

អត្ថបទពេញនិយម ៖ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ

ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ – ប្រាសាទខ្មែរ

ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ – ប្រាសាទខ្មែរ ៖ អំពី​ប្រាសាទ​បុរាណ​នៅ​ស្រុក​ខ្មែរ លោក​ហ្សក​សឺដេស៍ ចាងហ្វាង​សាលា​បារាំង​នៅ​ចុង​បូព៌ា​ប្រទេស អធិប្បាយ​កាល​ពី​ថ្ងៃ​ចន្ទ ៦ មីនា ១៩៣៣ នៅ​សារមន្ទីរ​ល្វីហ្វីណូត៍ ក្រុង​ហាណូយ ក្រម្ការ ជុំ …

Leave a Reply

Your email address will not be published. Required fields are marked *