Friday , April 19 2024

រឿចៅអាចម៍សេះ – រឿងព្រេងខ្មែរ

រឿចៅអាចម៍សេះ – រឿងព្រេងខ្មែរ ៖ មានបុរសម្នាក់ អ្នកស្រុកគេហៅថា ចៅអាចម៍សេះ ព្រោះនៅខ្ញុំសេដ្ឋីគេឲ្យឃ្វាលសេះ ប្រហែលជា៥០ក្បាល គេឲ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេ ។ បុរសនោះព្យាយាមរំឭកគុណព្រះពុទ្ធ ទោះឃ្វាលសេះក្ដី ធ្វើការអ្វីក្ដី តែងទន្ទេញជាប់ អញទៅដេញសេះ សម្មាសម្ពុទ្ធោ អញទៅលើកអាចម៍សេះ សម្មាសម្ពុទ្ធោ ធ្វើការអ្វីៗក៏ទន្ទេញថា​សម្មាសម្ពុទ្ធោដូច្នេះដរាបទៅ ។ ឯអាចម៍សេះនោះទៀតបុរសមិនលើកចោលទេ តែងកើបច្រកការុងទុក បានជាច្រើន ។ថ្ងៃមួយមានសំពៅ៥០០ មកពីស្រុកចិន នាំទំនិញមកលក់ ។

បុរសស្រែកហៅថា ឲ្យចូលមកនេះសិន ។ លុះសំពៅចូលមកសួរថា អ្នករាល់គ្នា បើកសំពៅមកពីណា ? ។ នាយសំពៅថា មកពីស្រុកចិន។ បុរសថា អ្នកស្គាល់ស្ដេចក្រុងចិនទេ ? ។ នាយសំពៅថា ស្គាល់ ព្រោះខ្ញុំនៅជិតព្រះរាជវាំងដែរ ។ បុរសថា ស្ដេចក្រុងចិននោះ ជាក្លើរអញ ហើយជាមិត្រសម្លាញ់ថ្ងៃមុនរៀងមក បើអ្នកត្រឡប់ទៅស្រុកចិនវិញ អញផ្ញើរបស់ទៅ ក្លើអញផង ។ នាយសំពៅនោះឆ្លើយថា បាទ ! ហើយនាំគ្នាចេញសំពៅទៅលក់ដូរ, មិនយូរប៉ុន្មាន នាយសំពៅ ត្រឡប់មកវិញ ចូលទៅរកបុរសនោះ សួរថា អ្នកឯងបានអ្វីផ្ញើទៅ? យកមកខ្ញុំទៅឥឡូវហើយ ។ បុរសថាខ្វះអ្វី ខ្ញុំរៀបដាក់ក្នុងការុងបម្រុងផ្ញើទៅ។ នាយសំពៅក៏ប្រើជើងឈ្នួលឲ្យជញ្ជូនដាក់សំពៅ នូវរបស់ប្រហែល៤០០ការុង ដែលសុទ្ធតែការុងពេញដោយអាចម៍សេះ ហើយក៏លាបុរសនោះ ចេញសំពៅទៅស្រុកចិន, ដល់ទៅដំណាក់ផែស្ដេចក្រុងចិន ហើយក៏បោះយុថ្កា ឡើងទៅក្រាបទូលថា មានក្លើព្រះអង្គ ផ្ញើរបស់ពីស្រុកខ្មែរមកថ្វាយ ដាក់នឹងការុងច្រើនណាស់ ។ ស្ដេចក្រុងចិនឆ្ងល់ថា អញមិនដែលទៅស្រុកខ្មែរទេ អញមានក្លើឯណានៅស្រុកខ្មែរ ? ក៏មានព្រះបន្ទូល ឲ្យទៅជញ្ជូនការុងអាចម៍សេះនោះ មកដាក់គរនៅមុខព្រះលាន ទ្រង់ឲ្យស្រាយមាត់ការុងចាក់មើល តើជារបស់អ្វីខ្លះ ដល់ស្រាយទៅ ឃើញសុទ្ធតែដុំមាសគ្រប់ការុង ។ ស្ដេចមានព្រះទ័យត្រេកអររកទីបំផុតគ្មាន ក៏ទ្រង់គិតក្នុងព្រះចិន្ដាថា នឹងបានអ្វីផ្ញើទៅគេវិញ, មានតែព្រះរាជបុត្រីមួយ ព្រះជន្ម១៨ឆ្នាំ ព្រះរូប ព្រះឆោមល្អលើសស្រីទាំងអស់ គិតផ្ញើទៅឲ្យគេ, ហើយក៏ទ្រង់ចាត់ឲ្យជាងធ្វើស្គរមួយយ៉ាងធំពាសស្បែកសត្វទាំងសង ខាង តែឲ្យមានកន្លែងបើកចេញចូលម្ខាងបាន ហើយក៏ដាក់ព្រះរាជបុត្រីនោះទៅក្នុងស្គរ មានទាំងកន្សែងបក់បោយមួយផង ហើយចាត់បម្រើឲ្យបើកសំពៅយកទៅឲ្យ ចៅអាចម៍សេះ, បម្រើទៅដល់ហើយ ក៏ស្រែកហៅបុរសនោះថា ស្ដេចក្រុងចិនជាក្លើ ផ្ញើស្គរមួយមកឲ្យអ្នកឯងវាយលេង ។ បុរសឮដូច្នោះក៏ត្រេកអរណាស់ ។ អ្នកបម្រើយកស្គរទៅចង ក្នុងរោងសេះនោះ ។ បុរសនោះក៏ចេះតែវាយ លេងទាំងនិយាយផងថា ក្លើអញ ស្រឡាញ់អញផ្ញើស្គរនេះមកឲ្យអញវាយលេង ។ ថ្ងៃមួយ បុរសនោះវាយស្គរ ហើយចេញទៅឃ្វាលសេះ ។ នាងដែលនៅក្នុងស្គរចេញមក រៀបបាយទឹកទុកបម្រុងឲ្យបុរសនោះ ហើយចូលទៅក្នុងស្គរ ចេញមក រៀបបាយទឹក មកវិញឃើញបាយគិតថា នរណាអេះ មករៀបបាយឲ្យអញៗឃ្លានបាយ អញស៊ីហើយ ។ ឯនាងនោះធ្វើដូច្នេះជាច្រើនថ្ងៃ ។ បុរសនោះសង្ស័យនឹកថា នរណា យកបាយឲ្យអញស៊ីរាល់ថ្ងៃម្ល៉េះ ? ចាំលបមើល ក៏ឃើញនាងដ៏មានរូបល្អឯក ចេញពីក្នុងស្គរមក ហើយបក់បោយកន្សែង ឲ្យកើតជាអាហារឡើងមួយរំពេច ។ បុរសនោះក៏ភ័យស្រែកថា សម្មាសម្ពុទ្ធោ មកពីណាល្អម្ល៉េះ ? ហើយក៏រត់ទៅ ។ នាងនោះចេញតាម បុរសនោះស្រែកថា សម្មាសម្ពុទ្ធោ កុំចាប់អញ អាណិតអញ លែងអញទៅ ។ នាងថា ខ្ញុំមិនលែងទេ អ្នកឯងជាប្ដីខ្ញុំហើយ ឪពុកខ្ញុំ ឲ្យខ្ញុំមកនៅធ្វើជាប្រពន្ធអ្នកឯង ព្រោះអ្នកឯងបានផ្ញើមាសប្រាក់ ទៅឲ្យឪពុកខ្ញុំច្រើនណាស់ ។ បុរសថា ទេ ! ខ្ញុំមិនយកទេ ។ នាងនោះនិយាយលួងលោមច្រើនដង បុរសក៏ស្ងៀម, នាងដឹកដៃបុរសនោះមករោងសេះវិញ ។ ក្នុងវេលាយប់នោះ នាងអធិដ្ឋានកន្សែងបក់បោយ ហើយបក់ទៅ កើតជាប្រាសាទរាជវាំង មានមនុស្សគឹកកងរំពងនៅក្នុងនោះ ។ ចៅអាចម៍សេះ ហើយនិងនាងនោះ ក៏នៅលើប្រាសាទ មានមនុស្សបម្រើឆ្វេងស្ដាំ ។ អ្នកស្រុកទាំងពួងឃើញហើយ ភ្ញាក់ផ្អើលគ្រប់គ្នា ក៏រត់ទៅប្រាប់សេដ្ឋីជាចៅហ្វាយបុរសនោះថា មានកើតប្រាសាទរាជវាំង ត្រង់ខ្ទមចៅ អាចម៍សេះនោះច្រើនណាស់ ។ សេដ្ឋីសង្ស័យ រត់ទៅមើលឃើញហើយក៏ភិតភ័យ រត់ទៅទូលស្ដេចតាមរឿង ។

ស្ដេចទ្រង់ជ្រាប ទ្រង់ចាត់បម្រើ ឲ្យទៅពិនិត្យមើល ឃើញពិតដូច្នោះមែន ក៏មានព្រះទ័យទោមនស្សជាខ្លាំងថា ឈ្មោះណា ហ៊ានមកសាងប្រាសាទរាជវាំងក្នុងនគរអញ មានតែអញទេជាស្ដេចក្នុងនគរនេះ ។ ទើបទ្រង់ប្រជុំនាហ្មឺនសព្វមុខមន្រ្តី មានព្រះបន្ទូលចាត់ឲ្យរៀបរេហ៍ពល លើកទៅចាប់ទាំងព្រះអង្គក៏ស្ដេចយាងជាមួយផង ។ វេលានោះមានបម្រើទៅប្រាប់ ចៅអាចម៍សេះហើយ នឹងប្រពន្ធចៅអាចម៍សេះបានឮ ក៏មានសេចក្ដីភិតភ័យណាស់ ។ នាងប្រាប់ប្ដីថា កុំឲ្យភ័យទុកងារឲ្យខ្ញុំច្បាំងនឹងស្ដេចនេះវិញ នាងក៏រៀបខ្លួនចេញទៅ ហើយអធិដ្ឋានកន្សែងបក់ កន្សែងបោយឲ្យស្ដេចបរាជ័យ ព្រមទាំងរេហ៍ពល ។

ចៅអាចម៍សេះនិងនាងនោះ បានសោយរាជ្យជាស្ដេច ដោយអំណាចដឹងគុណព្រះពុទ្ធ ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងជាតិខ្លាធំ – រឿងព្រេងខ្មែរ

រឿចៅអាចម៍សេះ – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *