Friday , March 29 2024

ប្រភេទចម្លាក់ខ្មែរ – ប្រាសាទខ្មែរ

ប្រភេទចម្លាក់ខ្មែរ – ប្រាសាទខ្មែរ ៖ គេ​សង្កេត​ឃើញ​ថា ចម្លាក់​បូរាណ​ខ្មែរ​មាន ៣ ប្រភេទ​គឺៈ ចម្លាក់​លិប​ឬ​ចម្លាក់​រាក់ ចម្លាក់​លៀន​ឬ​ចម្លាក់​ជ្រៅ និង​ចម្លាក់​លោត​ក្លាយ​ទៅ​ជា​រូប​បដិមា ។

១. ចម្លាក់​លិប ឬ​ចម្លាក់​រាក់ (Bas-relief)

គេ​ឆ្លាក់​ក្បាច់​នេះ​នៅ​លើ​ផ្ទាំង​ថ្ម​ដោយ​លូក​ចូល​ទៅ​ក្នុង​ផ្ទៃ​ផ្ទាំង​ថ្ម មើល​ទៅ​មិន​សូវ​ឃើញ​ខ្ពស់​ឬ​ផុស​ចេញ​ពី​ផ្ទៃ​ផ្ទាំង​ថ្ម​ទេ ។ គេ​ច្រើន​ប្រើ​ចម្លាក់​លិប​នៅ​លើ​ជញ្ជាំង​ប្រាសាទ ។ ឧ. ក្បាច់​លិប​ជា​រឿង​នៅ​តាម​ថែវ​ជាន់​ទី​១​នៃ​ប្រាសាទ​អង្គរវត្ត ។

ប្រភេទចម្លាក់ខ្មែរ - ប្រាសាទខ្មែរ

២. ចម្លាក់​លៀន (Haut-relief)

គឺ​ជា​ចម្លាក់​ដែល​គេ​ឆ្លាក់​លៀន​ចេញ​ពី​ផ្ទៃ​ផ្ទាំងថ្ម ។ គេ​ច្រើន​ឆ្លាក់​ចម្លាក់​លៀន​នៅ​លើ​ផ្ដែរ​ លើ​សរសរ​ពេជ្រ និង​លើ​ជញ្ជាំង ។

ប្រភេទចម្លាក់ខ្មែរ - ប្រាសាទខ្មែរ

៣. ចម្លាក់​លោត (Ronde-bosse)

ម្ដង​នេះ​គេ​ឆ្លាក់​រូប​សត្វ ឬ​មនុស្ស​ពុំ​មែន​នៅ​លើ​ជញ្ជាំង​ទៀត​ទេ គឺ​ដាច់​ពី​ជញ្ជាំង ប៉ុន្តែ​ផ្អែក​នឹង​ជញ្ជាំង​ដោយ​យក​ជញ្ជាំង​ធ្វើ​ជា​ទម្ររ ។ លុះ​ក្រោយ​មក​ទៀត​គេ​ឆ្លាក់​រូប​បដិមាករ​ដោយ​ពុំ​ចាំ​ចាប់​មាន​ទម្រ​ទៀត​ ទេ ។

ប្រភេទចម្លាក់ខ្មែរ - ប្រាសាទខ្មែរ

ប្រធាន​ចម្លាក់

ចម្លាក់​បុរាណ​ខ្មែរ​មាន​ច្រើន​យ៉ាងណាស់ ប៉ុន្តែ​យើង​លើក​យក​តែ​ចម្លាក់​ណា​ដែល​ទាក់​ទង​នឹង​សាសនា​ និង​ប្រាសាទ​មក​សិក្សា​តែ​ប៉ុណ្ណោះ ។

១. ពុទ្ធ​រូប

ពុទ្ធ​បដិមា​មាន​តាំង​ពី​សម័យ​នគរ​ភ្នំ​ម៉្លេះ នៅ​ក្នុង​សិល្បៈ​ខ្មែរ ព្រះ​ពុទ្ធ​រូប​គ្មាន​គ្រឿង​អលង្ការ​ទេ ហើយ​ច្រើន​តែ​មាន​កាយ​វិការ (មុទ្រៈ ឬ មុទ្រា) ប្លែកៗ​ពី​គ្នា ។

ឈាន​មុទ្រៈ គេ​ឆ្លាក់​រូប​គង់​ ភ្នែន មាន​នាគ​ប្រក់​ពី​លើ ឬ​មិន​នាគ​ប្រក់​ពីលើ​ ព្រះហស្ត​​ទាំង​២​លា​ដាក់​លើ​ភ្លៅ គឺ​ជា​កាយ​វិការ​ធ្វើ​សមាធិ ។

ប្រភេទចម្លាក់ខ្មែរ - ប្រាសាទខ្មែរ

ភូមិស្បសិ​មុទ្រៈ រូប​គង់​ភ្នែន ព្រះ​ហស្ត​​ឆ្វេង​ដាក់​លើ​ភ្លៅ ព្រះហស្ត​​ស្ដាំ​ដាក់​លើ​ក្បាល​ជង្គង់​ ចង្អុល​ព្រះ​ហស្ត​​សំយុង​ចុះ​ក្រោម​ចង្អុល​ទៅ​រក​ដី គឺ​ជា​កាយ​វិការ​យក​ព្រះ​ធរណី​ធ្វើ​ជា​សាក្សី​ក្នុង​ពេល​ផ្ចាញ់​មារ ។

ប្រភេទចម្លាក់ខ្មែរ - ប្រាសាទខ្មែរ

អភយ​មុទ្រៈ រូប​ឈរ ព្រះ​ហស្ត​ទាំង​២​ ឬ​តែ​ម្ខាង​លា​ដាក់​ទៅ​មុខ ចង្អុល​ព្រះ​ហស្ត​លើក​ទៅ​លើ គឺ​ជា​កាយ​វិការ​បញ្ជាក់​ថា​កុំ​ខ្លាច ។

ប្រភេទចម្លាក់ខ្មែរ - ប្រាសាទខ្មែរ

ធម្មចក្រ​មុទ្រៈ រូប​គង់​ភ្នែន ព្រះ​ហស្ត​ទាំង​២​បង្ហាញ​ជា​សញ្ញា​បង្វិល​កង​ចក្រ គឺ​ជា​កាយ​វិការ​សម្ដែង​ធម្មចក្រ ។

វរ​មុទ្រៈ រូប​គង់​ឈរ ព្រះ​ហស្ត​ទាំង​២​លា​ដាក់​ទៅ​មុខ (ឬ​គង់​ភ្នែន និង​លា​ព្រះហសត្ត​តែ​ម្ខាង) ចង្អុល​ព្រះ​ហស្ត​ចុះ​ទៅ​ក្រោម គឺ​ជា​កាយ​វិការ​សប្បុរសធម៌​ឬ​ដាក់​ទាន ។

ជា​កាយ​វិការ​បញ្ជាក់​ថា អ្វី​ដែល​ធ្វើ​រួច​ហើយ ធ្វើ​ត​ទៅ​ទៀត​ឲ្យ​រឹត​តែ​មាំមួន​ឡើង ឬ​បង្ហាញ​ការ​ត្រិះរិះ​ពិចារណា ។

ក្រៅ​ពី​រូប​ដែល​មាន​កាយវិការ​ទាំង​នេះ គេ​ឃើញ​មាន​រូប​ព្រះពុទ្ធ​គង់​ភ្នែន​មាន​រាង​កាយ​ស្គាំងស្គម (ព្រះ​ពុទ្ធ​ធ្វើ​ទុក្ករ​កិរិយា) និង​រូប​ផ្ទុំ​ផ្អៀង​ទៅ​ខាង​ស្ដាំ (ព្រះពុទ្ធ​រូប​ចូល​និព្វាន) ។

ប្រភេទចម្លាក់ខ្មែរ - ប្រាសាទខ្មែរ

នៅ​មាន​លក្ខណៈ​ពិសេស​​ផ្សេងៗ​ទៀត​សម្រាប់​សម្គាល់​ព្រះ​ពុទ្ធរូប​គឺៈ

  1. គ្រង​ចីវរ​ទុក​ស្មា​ខាង​ស្ដាំ​ទទេ
  2. មាន​សញ្ញា​មួយ​នៅ​ចន្លោះ​ព្រះ​នេត្រ
  3. មាន​ពក​ឬ​កន្តុប​នៅ​លើ​ព្រះ​កេស
  4. មាន​សក់​ច្រើន​រួញ ហើយ​គួច​ត្របាញ់​ដុំៗ
  5. មាន​មុខ​មូល​រាង​ពង​ក្រពើ
  6. មាន​ត្រចៀក​ធំ​វែង​ចុះ​មក​ក្រោម
  7. ទឹក​មុខ​ញញឹម ។

២. ពោធិសត្វ (ខាង​ពុទ្ធសាសនា​មហាយាន)

លោកេស្វរៈ ជា​ពោធិសត្វ​ជួយ​សង្គ្រោះ និង​ផ្ដល់​សុខ​ដល់​សត្វ​លោក ។ គេ​ឆ្លាក់​រូប​ពោធិសត្វ​លោកេស្វរៈ​គង់​ឈរ​​លើ​ផ្កា​ឈូក មាន​ព្រះ​ហស្ត​ច្រើន ទ្រង់​កេតនភណ្ឌ​ផ្សេងៗ​ដូចជា គម្ពីរ ខ្សែ​ផ្គាំ ដប​ឬ​ថូ ផ្កា​ឈូក ជា​ដើម មាន​គ្រឿង​អលង្ការ ​ច្រើន​មាន​ភ្នួង​សក់​ធំៗ​ដែល​នៅ​ពី​លើ​ភ្នួង​សក់​មាន​ព្រះ​ពុទ្ធ​រូប​មួយ​ អង្គ​ឈ្មោះ អមិតាតៈ ។

ប្រភេទចម្លាក់ខ្មែរ - ប្រាសាទខ្មែរ

មញ្ចុស្រីៈ ជា​ពោធិសត្វ​​ខាង​តុលាការ គេ​ឆ្លាក់​ជា​រូប​មនុស្ស​កាន់​សៀវភៅ​១ ព្រះ​ខាន់​១ គង់​លើ​សត្វ​តោ ។

សមន្ត​ភទ្រៈ ជា​ពោធិសត្វ​គ្រប់គ្រង​ខ្មាន់​សាសនា ។ គេ​ឆ្លាក់​ជា​រូប​មនុស្ស​គង់​លើ​ដំរី ។

មៃត្រេយៈ ជា​ពោធិសត្វ​ដែល​នឹង​បាន​ត្រាស​ជា​ព្រះ​ពុទ្ធ​បន្ទាប់​ពី​ព្រះ​សមណគោតម ។

ក្សិតិគភិៈ ជា​ពោធិសត្វ​ស្រង់​មនុស្ស​ពី​នរក ។

វជ្របាណិៈ ជា​ពោធិសត្វ​ការពារ​សាសនា គេ​ធ្វើ​ជា​រូប​មនុស្ស​កាន់​រន្ទះ ។

ប្រជ្ញាបារមិតាៈ ជា​ពោធិសត្វ​​ស្រី ជា​និមិត្ត​រូប​នៃ​បញ្ញា ។

ប្រភេទចម្លាក់ខ្មែរ - ប្រាសាទខ្មែរ

៣. ព្រហ្ម

លក្ខណៈ​សម្រាប់​សម្គាល់​ព្រះ​ព្រហ្ម​មានៈ

  1. ព្រះ​ភក្ត្រ​៤
  2. កេតនភណ្ឌៈ ប៉ាន់​ឬ​ថូ ថាស ស្លាប​ព្រា​រាជពិធី ខ្សែ​ផ្គាំ ។ល។
  3. យាន​ជំនិះ: សត្វ​ហង្ស
  4. មហេសីៈ សរស្វតី
  5. បុត្រ ៣ អង្គៈ ទក្យ ភកិ និង សន្ធិយា ។

ប្រភេទចម្លាក់ខ្មែរ - ប្រាសាទខ្មែរ

៤. ឥសូរ ឬ សិវៈ

នៅ​មុន​សម័យ​អង្គរ គេ​ពុំ​ឃើញ​មាន​ចម្លាក់​ជា​រូប​មនុស្ស​សម្គាល់​ព្រះ​ឥសូរ​ទេ គឺ​មាន​តែ​រូប​លិង្គ​ព្រះ​ឥសូរ​ដែល​តម្កល់​នៅ​ក្នុង​ប្រាសាទ​ដែល​មាន​រាង​ រូវ​ដូច​ត​ទៅៈ

  1. ផ្នែក​លើ​មាន​រាង​មូល​វែង​ដូច​សរសរ
  2. ផ្នែក​កណ្ដាល​មាន​រាង​៦​ជ្រុង ឬ ៨ ជ្រុង ជា​ទម្ររ
  3. ផ្នែក​ក្រោម​មាន​រាង​៤​ជ្រុង​ស្មើ​ជា​ទម្ររ​ដែរ ។

គេ​សង្កេត​ឃើញ​ថា​ចម្លាក់​រូប​លិង្គ​ព្រះ​ឥសូរ​ដែល​ តម្កល់​ក្នុង​ប្រាសាទ​មិន​មែន​សុទ្ធ​តែ​តំណាង​ព្រះ​ឥសូរ​ទេ ដូច​ជា រូប​ដែល​តម្កល់​ក្នុង​ប្រាសាទ​ភ្នំ​ខ្លះ​ដូចជា​ប្រាសាទ​បាខែង បាគង ជា​ដើម គឺ​ជា​រូប​ចម្លាក់​សម្រាប់​រាជ​ពិធី ។

លុះ​ក្រោយ​មក​ទៀត​ ទើប​មាន​ឆ្លាក់​ជា​រូប​មនុស្ស​ផ្សេងៗ​សម្រាប់​សម្គាល់​ព្រះ​ឥសូរៈ

  1. រូប​ដូច​ឥសីៈ មាន​ភ្នូង​សក់​ធំ មាន​ខ្សែ​ផ្គាំ​នៅ​ក​ឬ​នៅ​ដៃ ។
  2. រូប​ដូច​មហាក្សត្រ​គង់​លើ​បល័ង្ល មាន​គ្រឿង​អលង្ការ​គ្រប់​មុខ ។
  3. រូប​ដូច​គ្រូ​របាំ ។
  4. រូប​មនុស្ស​មាន​ភ្នូង​សក់ លម្អ​ដោយ​ចំណិត​ព្រះ​ច័ន្ទ​នៅ​ពី​មុខ ។
  5. រូប​មនុស្ស​ភ្នែក ៣: ភ្នែក​២​ដូច​មនុស្ស​ធម្មតា ឯ​ភ្នែក​ទី​៣​នៅ​កណ្ដាល​ថ្ងាស ។
  6. រូប​មនុស្ស​មុខ​មួយ​ដៃ​២ ជួន​កាល​បែង​ជា​មុខ​៥ ដៃ​១០ ហើយ​មាន​កេតនភណ្ឌ​ផ្សេងៗ ត្រីសូល៍ (ច្បូក) ខ្សែ​ផ្គាំ ស្គរ ដប​ លលា​ក្បាល ខ្សែ​មួយ​ចង្វាយ​ ជា​ដើម ។

រូប​ព្រះ​ឥសូរ គេ​ច្រើន​ឆ្លាក់​តែ​ម្នាក់​ឯង ឬ​ជួន​កាល​ជា​មួយ​នឹង​យាន​ជំនិះ​គោនន្ទិ ។ សក្តិ (មហេសី​អាទិទេព) មាន​នាម​ផ្សេងៗៈ បរវតី ឧមា ទូរគា កាឡី គោរី កុមារី ទេវី ចន្ទី មហាទេវី ។ ព្រះ​ឥសូរ​មាន​បុត្រ​២​អង្គ​គឺ ស្គន្ទ (ជា​ទេវៈ​តំណាង​ចម្បាំង​មាន​យាន​ជំនិះ​ជា​សត្វ​ក្ងោក) និង គណេស (ជា​ទេវៈ​តំណាង​បញ្ញា​មាន​ពោះ​កំប៉ោង​ ដៃ​៤ ក្បាល​ជា​សត្វ​ដំរី មាន​ភ្លុក​ខាង​ស្ដាំ ឯ​ភ្លុក​ខាង​ឆ្វេង​បាក់​ក្នុង​ពេល​ប្រយុទ្ធ​ជា​មួយ បរសុរាមៈ ដែល​ជា​អវតារ​ព្រះ​វិស្ណុ ហើយ​មាន​យាន​ជំនិះ​ជា​សត្វ​កណ្ដុរ) ។

៥. នារាយណ៍ ឬ វិស្ណុ

គេ​ច្រើន​ធ្វើ​រូប​ព្រះ​នារាយណ៍​គង់​ឈរ​ដោយ​ឆ្លាក់​ ជា​រូប​មនុស្ស​ដែល​ច្រើន​តែ​មាន​ដៃ​៤ មាន​កេតនភណ្ឌ​ផ្សេងៗ​ដូចជា ខ្យង​ស័ង្ខ មោង ថាស ដុំ​មូល​(ផែនដី) ផ្កា​ឈូក​(និយម​នៅ​ឥណ្ឌា) ម្កុដ​មូល​វែង ។

នៅ​តាម​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត គេ​ប្រទះ​ឃើញ​រូប​ព្រះ​នារាយណ៍​ជិះ​សត្វ​គ្រុឌ ។ ជួនកាល​ទៀត គេ​ឆ្លាក់​រូប​ព្រះ​នារាយណ៍​ផ្ទុំ​លើ​សត្វ​ពស់​ឈ្មោះ សេសៈ នៅ​កណ្ដាល​សមុទ្រ​មាន​ដើម​ឈូក​ដុះ​ចេញ​ពី​ផ្ចិត ហើយ​នៅ​លើ​ផ្កា​ឈូក​មាន​រូប​ព្រះ​ព្រហ្ម ។ សក្តិ​របស់​ព្រះ​នារាយណ៍​មាន​នាម​ថា ស្រ៊ី (តំណាង​ទ្រព្យ​សម្បត្តិ) ឬ លក្ស្មី (តំណាង​សោភណ្ឌនភាព) ព្រះ​ហស្ត​កាន់​ផ្កា​ឈូក ។ អវតារ​ព្រះ​នារាយណ៍​មាន​ទាំង​អស់ ១០ គឺៈ

  1. អវតារ​ជា​រូប​មនុស្សៈ វាមនៈ បរសុរាមៈ រាម ក្រិស្ណ ព្រះពុទ្ធ
  2. អវតារ​រូប​ជា​មនុស្ស​ក្បាល​ជា​សត្វៈ នរសិង្ហ កល្កិន
  3. អវតារ​រូប​ជា​សត្វៈ មត្ស្យា កូម៌ វរាហៈ

នៅ​ស្រុក​ខ្មែរ គេ​មិន​ទាន់​បាន​ឆ្លាក់​រូប​អវតារ​ឲ្យ​បាន​គ្រប់​ទាំង​អស់​ទេ ។ នៅ​តាម​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត គេ​ឃើញ​មាន ​កូមិ (នៅ​ក្នុង​រឿង​កូរ​សមុទ្រ​ទឹក​ដោះ​) រាម (នៅ​ក្នុង​រឿង​រាមកេរ្តិ៍) ក្រិស្ណ (នៅ​ក្នុង​រឿង​មហា​ភាតរៈ) រូប​ក្រិស្ណ​មួយ​ទៀត​លើក​ដៃ​ទ្រ​ភ្នំ (ឆ្លាក់​ជា​ក្បាច់​លោត​នៅ​វត្ត​កោះ ខេត្ត​តាកែវ) រូប​កល្កិន (រូប​មនុស្ស​ក្បាល​សេះ) ។

ប្រភេទចម្លាក់ខ្មែរ - ប្រាសាទខ្មែរ

៦. ហរិហរៈ

នៅ​ស្រុក​ខ្មែរ គេ​ឆ្លាក់​រូប​ហរិហរៈ​ដំណាង​ឲ្យ​អាទិទេព​ឥសូរ​ផង វិស្ណុ​ផង គេ​ស្គាល់​ថា​ជា​ឥសូរ​ដោយ​សារ​មុខ (នៅ​ចំហៀង​ខាង​ស្ដាំ​រូប) កេតនភណ្ឌ ឬ​សក់​រួញ​ផ្នត់ៗ ។ ឯ​ព្រះ​វិស្ណុ​ គេ​ស្គាល់​ដោយ​សារ​មុខ​ (នៅ​ចំហៀង​ខាង​ឆ្វេង​រូប) មាន​ម្កុដ​មូល​វែង ។

ប្រភេទចម្លាក់ខ្មែរ - ប្រាសាទខ្មែរ

 

៧. ទេវៈ​ផ្សេងៗ​ទៀត

ក្រៅ​ពី​ទេវៈ​សំខាន់ៗ​ដែល​បាន​រៀបរាប់​រួច​មក​ហើយ​នេះ​នៅ​មាន​ទេវៈ​​រាយ​រង​ជា​ច្រើន​ទៀត​ដូច​ជាៈ

១. ព្រះ​ចន្ទ​ក៏​ដូច​ព្រះ​អាទិត្យ: គង់​លើ​រទេះ​សេះ​ មាន​ពន្លឺ​ចេញ​ពី​ខ្លួន ។ បើ​ជាគំនូរ ព្រះអាទិត្យ​មាន​រង្វង់​ពន្លឺ​​ពី​ខាងក្រោយ​ពណ៌​ក្រហម ឯ​ព្រះចន្ទ​ពណ៌​ស ។ រីឯ​ចម្លាក់​នៅ​លើ​ថ្ម គេ​ឆ្លាក់​ឆូតៗ​លើ​រង្វង់​​ពន្លឺ​សម្រាប់​ព្រះអាទិត្យ​ និង​មិន​មាន​ឆូត​សម្រាប់​ព្រះ​ចន្ទ ។

ប្រភេទចម្លាក់ខ្មែរ - ប្រាសាទខ្មែរ

២. ព្រះ​យមៈ ឬ​ ព្រះយមរាជ: ទេវៈ​តំណាង​សេចក្ដី​ស្លាប់ និង​ជា​ទេវៈ​ទទួល​ខុសត្រូវ​ទិស​ខាង​ត្បូង ។ ព្រះយមៈ​គង់​លើ​សត្វ​ក្របី កាន់​មោង ដាវ កាំបិត ពូថៅ ។

ប្រភេទចម្លាក់ខ្មែរ - ប្រាសាទខ្មែរ

៣. ព្រះ​វរុណ ឬ ព្រះពិរុណៈ ទេវៈ​បង្កើត​ភ្លៀង និង​ជា​ទេវៈ​ទទួល​ការ​ខុសត្រូវ​ទិស​ខាងលិច ។ ព្រះវរុណ​គង់​លើ​​សត្វ​ហង្ស ឯកសារ​ខ្លះ​ថា គង់​លើ​សត្វ​នាគ​បាំង​ក្លោះ ។

៤. ព្រះ​ឥន្ទ្រៈ ជា​ស្ដេច​នៃ​ទេវលោក ជា​ទេវៈ​បង្កើត​ផ្គរ​រន្ទះ និង​ជា​ទេវៈ​ទទួល​ការ​ខុសត្រូវ​ទិស​ខាងកើត ។ ព្រះឥន្ទ្រ​គង់​លើ​សត្វ​ដំរី​ឰរាវ័ណ​ក្បាល​៣ កាន់​វជ្រៈ ពូថៅ ថាស កង្វេរ​ដំរី ។

៥. ព្រះកុវេរៈ ទេវៈ​តំណាង​ទ្រព្យសម្បត្តិ និង​ជា​ទេវៈ​ទទួល​ការ​ខុសត្រូវ​ទិស​ខាង​ជើង ។ ព្រះកុវេរៈ​គង់​លើ​សត្វ​សេះ ។

៦. ព្រះ​អគ្និ ឬ ព្រះអគ្គីៈ ទេវៈ​តំណាង​ភ្លើង គង់​លើ​​សត្វ​ពពែ (ឯកសារ​ខ្លះ​ថា គង់​លើ​សត្វ​ចៀម) កាន់​ពូថៅ ភ្លើង​ចន្លុះ ផ្លិត ។

៧. រាហូៈ ទេវៈ​បង្កើត​គ្រាស មាន​ដង​ខ្លួន​ខាងក្រោម​កប់​ក្នុង​ពពក ។

៨. កេតុៈ ទេវៈ​បង្កើត​ផ្កាយ​ដុះកន្ទុយ គង់​លើ​សត្វ​តោ ។

ចំពោះ​ទេព្ដា និង​ទេព​អប្សរ​នៅ​ក្នុង​សិល្បៈ​ខ្មែរ​ គេ​ច្រើន​តែ​ឆ្លាក់​ជា​រូប​ដែល​មាន​កាយ​វិការ​ហោះ​ហើរ​លើ​អាកាស​ជា​អ្នក​រាំ ឬ​កាន់​បាច់​ផ្កា ។

គេ​មាន​ធ្វើ​រូប​ទ្វារ​បាល​នៅ​អម​សង​ខាង​ទ្វារ​ប្រាសាទ​ដោយ​មាន​កាន់​អាវុធ​ផង ។

៨. សត្វ

សត្វ​ដែល​ជា​យាន​ជំនិះ​របស់​អាទិទេពៈ គនន្ទិ ហង្ស គ្រុឌ ។ល។
សត្វ​ដែល​មាន​ភារៈ​ថែរក្សា​ប្រាសាទ ឬ​សម្រាប់​លម្អ​ប្រាសាទ​មានៈ នាគ ម្ករ រាហ៊ូ សិង្ហ ដំរី ស្វា ។ល។

៩. ផ្កា ភ្ញី ក្បាច់​ផ្សេងៗ

ក្បាច់​ផ្កាភ្ញី ស្លឹក​ឈើ និង​ក្បាច់​ផ្សេងៗ គេ​ច្រើន​ឆ្លាក់​នៅ​លើ​ផ្ដែរ សរសរ​ពេជ្រ និង​ជញ្ជាំង​សម្រាប់​លម្អ​ប្រាសាទ ។

១០. រឿង

ចម្លាក់​រឿង​មាន​ឆ្លាក់​នៅ​តាម​ជញ្ជាំង​ដូចជា​ ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​ជា​ដើម មាន​ចម្លាក់​ដក​ស្រង់​ពី​រឿង​រាមកេរ្តិ៍ (រាមាយណៈ​ខ្មែរ) រឿង​មហាភាតរៈ រឿង​រាមាយណៈ (ត្រង់​រឿង​កូរ​សមុទ្រ​ទឹក​ដោះ​ដើម្បី​បង្កើត​ទឹក​អម្រឹត) ជា​ដើម ។ នៅ​ជញ្ជាំង​ប្រាសាទ​បាយ័ន​មាន​ចម្លាក់​រឿង​ប្រវត្តិសាស្ត្រ​ដូចជា ចម្បាំង​រវាង​ខ្មែរ និង​ចាម រឿង​ជីវភាព​រស់​នៅ​ពិត​ប្រាកដ​របស់​អ្នក​ស្រុក​ដូចជា ការ​បរបាញ់ ការ​នេសាទ​ត្រី ការ​លក់​ដូរ ល្បែង​កំសាន្ត​មាន​ប្រជល់​មាន់ ប្រជល់​ជ្រូក ជា​ដើម ៕

អត្ថបទពេញនិយម ៖ សម្ភារៈសំណង់ និងវិវត្តន៍សំណង់ប្រាសាទខ្មែរ – ប្រាសាទខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *