Wednesday , April 17 2024

វិវត្តន៍ចម្លាក់ខ្មែរ – ប្រាសាទខ្មែរ

វិវត្តន៍ចម្លាក់ខ្មែរ – ប្រាសាទខ្មែរ ៖ គេ​សង្កេត​ឃើញ​ថា ចម្លាក់​បូរាណ​ខ្មែរ​ចែកចេញជាច្រើនផ្នែក ៖

១. រូប​បដិមា

នៅ​ក្នុង​រចនាបថ​ភ្នំដា​មាន​រូប​ពុទ្ធ​បដិមា និង​ទេវៈ​បដិមា​ជា​ច្រើន​នៅ​អង្គរ​បូរី កំពង់​ស្ពឺ ឧដុង្គ ។ ដោយ​ខ្លាច​រលំ គេ​ធ្វើ​ទម្ររ ឬ​ទំនប់​ទប់​រូប​បដិមា​មាន​រាង​ជា​ក្រចក​សេះ ​រាង​មូល​ទ្រវែង ជួនកាល​រាង​៤​ជ្រុង​ទ្រវែង ហើយ​ជួនកាល​ទៀត គេ​យក​កេតនភណ្ឌ ឬ​ជាយ​សំពត់​ទល់​រូប​ចម្លាក់​នោះ​តែ​ម្ដង ។

ជាទូទៅ រូប​បដិមា​នៅ​សម័យ​នោះ​ឈរ​មិន​ត្រង់​ទេ គឺ​មាន​រាង​កាច់​ចង្កេះ ហើយ​មាន​សម្លៀក​បំពាក់​បែប​ឥណ្ឌា (ឧ. រូប​គ្រិស្ណ​ទ្រ​ភ្នំ) ។

មក​ដល់​រចនាបថ​ព្រៃ​ក្មេង​ រូប​បដិមា​កាច់​ចង្កេះ​មិន​សូវ​មាន​ទៀត​ទេ ។ មាន​ការ​សាក​ល្បង​រចនា​បែប​ខ្មែរ ។ រូប​ហរិហរៈ​បាន​ទទួល​ការ​កោត​សរសើរ​ជា​ខ្លាំង​ ហើយ​ត្រូវ​បាន​ចាត់​ទុក​ជា​ស្នា​ដៃ​ឯក​ក្នុង​សិល្បៈ​ខ្មែរ ។ ចំណែក​ឯ​ទម្ររ​ និង​ទំនប់​ត្រូវ​បាន​សាកល្បង​លុប​បំបាត់​ចោល​នៅ​រចនាបថ​កំពង់​ព្រះ ។ នៅ​រចនាបថ​ព្រះ​គោ សិល្បៈ​មាន​លក្ខណៈ​ជា​ខ្មែរ​សុទ្ធ​សាធ ។ រូប​បដិមា​លែង​កាច់​ចង្កេះ​ទៀត​ហើយ មាន​វិវត្តន៍​ខាង​សម្លៀក​បំពាក់​ មាន​ចិញ្ចើម​ត្រង់​ហើយ​ជាប់​គ្នា មាន​ពុក​ចង្កា មាន​គ្រឿង​អលង្ការ​នៅ​ក​ដៃ​ក​ជើង ។ នៅ​ក្នុង​រចនា​បថ​កោះ​កែ សិល្បៈ​មាន​លក្ខណៈ​ថ្មី​មួយ​ទៀត គឺ​បដិមា​មាន​មាឌ​មាំៗ​ប្រកប​ដោយ​ចលនា​ផ្សេងៗ ដូច​ជា ដើរ រាំ ប្រយុទ្ធ (ឧ. ពាលី និង​សុគ្រីព) ដោយ​ពុំ​សូវ​គិត​គូរ​ពី​រឿង​ស្អាត​ទេ (រូប​គ្រុឌ​នៅ​សារមន្ទីរ​ជាតិ) ដើម្បី​បង្ហាញ​អំណាច និង​ថាមពល ។ បន្ទាប់​មក​នៅ​ក្នុង​រចនាបថ​បន្ទាយស្រី រូប​បដិមា​មាន​មាឌ​តូចៗ​ប្រកប​ដោយ​ទឹក​មុខ​សុភាព​រាបសា ។ នៅ​រចនាបថ​អង្គរវត្ត គេ​ប្រទះ​ឃើញ​មាន​រូប​បដិមា​ជាច្រើន​ដែល​ប្រកប​ដោយ​មុទ្រៈ​ផ្សេងៗ ។ ការ​រចនា​រូប​បដិមា​មាន​ការ​លូតលាស់​ខ្លាំង​នៅ​រចនា​បថ​បាយ័ន ។ គេ​មិន​សូវ​គិត​គូរ​ពី​រាងរ៉ូវ​ទេ គឺ​គេ​ផ្ចិតផ្ចង់​តែ​ត្រង់​រង្វង់​មុខ​ ដូចជា រូប​ព្រះ​ពុទ្ធ ព្រះ​ពោធិសត្វ​លោកេស្វរៈ ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ ជា​ដើម ដែល​មាន​ភ្នែក​សម្លឹង​ចុះ​ក្រោម ឬ​បិទ​ជិត បបូរ​មាត់​ញញឹម ។ ទឹក​មុខ​ញញឹម​ប្រិមប្រិយ​បង្ហាញ​ន័យ​ថា​ សប្បាយ និង​រក​ឃើញ​អ្វី​មួយ (ដូច​ជា​ធ្វើ​សមាធិ​ជា​ដើម) ។

វិវត្តន៍ចម្លាក់ខ្មែរ - ប្រាសាទខ្មែរ

២. សរសរ​ពេជ្រ

មាន​វិវត្តន៍​ពី​មូល​ទៅ​ជ្រុង ពី​ជ្រុង​ទៅ​មូល ។ ចាប់​ពី​រចនាបថ​ភ្នំដា​ដល់​រចនាបថ​ព្រៃ​ក្មេង សរសរ​ពេជ្រ​មាន​រាង​មូល​ មាន​តែ​ចម្លាក់​នៅ​លើ​សរសរ​ពេជ្រ​ប៉ុណ្ណោះ​ដែល​មាន​វិវត្តន៍ ។ នៅ​រចនាបថ​កំពង់​ព្រះ សរសរ​ពេជ្រ​មាន​រាង​មូល​នៅ​ឡើយ តែ​មាន​រាង​៨​ជ្រុង​ខ្លះៗ​ហើយ ហើយ​នៅ​លើ​ជ្រុង​និមួយៗ​មាន​ចម្លាក់​ស្លឹក​ឈើ ។ នៅ​រចនាបថ​គូលែន សរសរ​ពេជ្រ​មាន​រាង​៨​ជ្រុង និង​៤​ជ្រុង ។ ចាប់​ពី​រចនាបថ​ព្រះ​គោ​ដល់​រចនា​បថ​បាពួន សរសរ​ពេជ្រ​មាន​រាង​មូល​ខ្លះ​ឡើង​វិញ ភាគ​ច្រើន​មាន​រាង​៨​ជ្រុង ។ នៅ​ក្នុង​រចនាបថ​អង្គរវត្ត គេ​ឃើញ​សរសរ​ពេជ្រ​មាន​រាង​១៦​ជ្រុង ។

៣. ផ្ដែរ

ក្បាច់​ចម្លាក់​នៅ​លើ​ផ្ដែរ​មាន​ច្រើន​យ៉ាង​ណាស់ ដូច​ជា ក្បាច់​ដង​ធ្នូ សត្វ​ម្ករ សត្វ​កាលៈ មនុស្ស រំយោល កម្រង​ផ្កា​ភ្ញី ស្លឹក​លាត ស្លឹក​កង មែក​ឈើ ជាដើម ។

គេ​រចនា​ផ្ដែរ​នៅ​រចនាបថ​សម្បូរ​ជា​ក្បាច់​ជាងទង​ដែល ​វិវត្តន៍​​​ទៅ​​ជាក្បាច់​ភ្ញី​ទេស​នៅ​រចនាបថ​កំពង់​ព្រះ ។ នៅ​រចនាបថ​គូលែន ការ​លម្អ​ផ្ដែរ​ពុំ​មាន​ឯកភាព​គ្នា​ទេ គេ​ឆ្លាក់​ក្បាច់​នេះ​បន្តិច​ក្បាច់​នោះ​បន្តិច គឺ​មាន​លក្ខណៈ​មិន​ច្បាស់​លាស់​ហាក់​ដូចជា​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត ដោយ​មិន​ដឹង​ជា​យក​របៀប​ចាម​‑ជ្វា​មក​រចនា​បែប​ណា​ឲ្យ​ស្រប​ទៅ​តាម​យោបល់​ ព្រះ​បាទ​ជ័យវរ្ម័ន​ទី​២ ។ គឺ​ជា​សិល្បៈ​មួយ​ដែល​កំពុង​តែ​ត្រួសត្រាយ​ផ្លូវ​ទៅ​រក​លក្ខណៈ​ថ្មី​មួយ​ ទៀត ។ នៅ​ក្នុង​រចនាបថ​ព្រះ​គោ​ក្បាច់​លម្អ​នៅ​លើ​ផ្ដែរ​មាន​លក្ខណៈ​ច្បាស់​លាស់​ គឺ​ជា​ផ្ដែរ​ដ៏​ល្អ​ប្រកប​ដោយ​ទឹក​ដៃ​ស្រស់​បំព្រង​ព្រម​ទាំង​មាន​សភាព​ទន់​ ភ្លន់​ទៀត​ផង ។ ផ្ដែរ​នៅ​រចនាបថ​បាពួន​មាន​ឆ្លាក់​ជា​ក្បាច់​រឿង​ ដូចជា រឿង​អំពី​ការ​កូរ​សមុទ្រ​ទឹក​ដោះ ។ ផ្ដែរ​រឿង​នេះ​មាន​តាំង​ពី​រចនាបថ​សម្បូរ​ម៉្លេះ ប៉ុន្តែ​នៅ​ផ្ទៃ​ខាង​ក្រោម​នៃ​ផ្ដែរ ។ នៅ​រចនាបថ​អង្គរវត្ត​នៅ​លើ​ផ្ដែរ​មាន​ចម្លាក់​រូប​មនុស្ស​តូចៗ​នៅ​លាយ​ឡំ​ ជាមួយ​ក្បាច់​ស្លឹក​ឈើ ។

៤. ហោ​ជាង

នៅ​រចនាបថ​សម្បូរ​ ហោជាង​មាន​រាង​ក្រចក​សេះ ឯ​ក្បាច់​ចម្លាក់​នៅ​លើ​ហោជាង​គ្មាន​សេស​សល់​អ្វី​ទេ​ដោយ​ហេតុ​ថា​បាយ​អ​ដែល ​បូក​នោះ​បាន​របេះ​ឆ្លាក់​បាក់​អស់​ទៅ​ហើយ ។ ហោ​ជាង​បូក​បាយ​អ​មាន​ប្រើ​ដល់​រចនាបថ​ព្រះគោ ។ នៅ​រចនាបថ​ព្រៃ​ក្មេង និង​កំពង់​ព្រះ គេ​ពុំ​សង្កេត​ឃើញ​មាន​ហោជាង​ទេ ។ នៅ​រចនាបថ​គូលែន ហោ​ជាង​មាន​រាង​ក្រចក​ឆ្មា (ឥទ្ធិពល​ចាម‑ជ្វា) ។ នៅ​លើ​ហោជាង​មាន​រូប​មនុស្ស​ធំ​មួយ​ ជួន​កាល​អម​ដោយ​ទេព្យ​ប្រណម្យ​២​ទៀត ។ នៅ​ក្នុង​រចនាបថ​ព្រះ​គោ​មាន​ការ​ប្រែប្រួល​ខ្លះ​ត្រង់​គែម​ខាង​លើ​ហោជាង​ មាន​ឆ្លាក់​ស្រួចៗ​ដូច​ធ្មេញ​រណារ ហើយ​មាន​ក្បាល​ម្ករ​នៅ​ចុង​គែម ។ នៅ​រចនាបថ​កោះកែ គេ​ឃើញ​ហោជាង​មាន​រាង​ត្រី​កោណ ហើយ​មាន​គែម​ច្រើន​ជាន់ ។

៥. មុខងារ​ចម្លាក់

ក្នុង​សិល្បៈ​ខ្មែរ​ចម្លាក់​មាន​មុខងារ​សំខាន់​ពីរ​យ៉ាងៈ

  1. ចម្លាក់​សម្រាប់​បូជាៈ ដូចជា​បដិមា​ព្រះ​ពុទ្ធ ព្រះ​ពោធិសត្វ ឥសូរ ព្រះ​នារាយណ៍ ព្រហ្ម ជាដើម ។
  2. ចម្លាក់​សម្រាប់​លម្អៈ ដូចជា​រូប​សត្វ ក្បាច់​ក្បូរ​ផ្សេងៗ ផ្កា ភ្ញី ។ល។

អត្ថបទពេញនិយម ៖ សម្ភារៈសំណង់ និងវិវត្តន៍សំណង់ប្រាសាទខ្មែរ – ប្រាសាទខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *