Friday , December 3 2021

រឿងភូមិស្តីបិតមាស – រឿងព្រេងខ្មែរ

រឿងភូមិស្តីបិតមាស – រឿងព្រេងខ្មែរ ៖ នៅក្នុងឃុំត្រញំងឬស្សី ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ មានភូមិមួយឈ្មោះភូមិស្ដីបិតមាស តាំងនៅតាមមាត់ ស្ទឹង។ បានជាមាននាមភូមិស្ដីបិតមាស ដោយមានរឿងព្រេងដំណាលថាៈ កាលកន្លងយូរអង្វែងឆ្នាំមកហើយមានមេ ធ្នោះមួយគ្រួ គឺប្ដីប្រពន្ធ និងកូនក្រមុំមួួយមានរូបស្រស់ឆើតឆាយ សំចតនៅព្រែកធ្វើនេសាទនៅក្បែរខ្ទមអ្នកតាជា ដើមស្ទី។

ការនេសាទរបស់មេធ្នោះនេះ ចេះតែចម្រើនរៀងរាល់ឆ្នាំ រហូតទាល់តែបានក្លាយទៅជាអ្នកមានទ្រព្យសម្បតិ្ដ ស្ដុកស្ដម្ភដោយរបរនេសាទរបស់ខ្លួន។ តំបន់នោះជាតំបន់មានមូសច្រើនអនេក ថ្ងៃមួយនៅពេលទៀបយប់ មេធ្នោះបាន ជួបជុំនិងគ្រួសារខ្លួនផង និងកូនឈ្លួលខ្លួនផង ក៏និយាយទៅកាន់កូនឈ្នួលជាពាក្យនិយាយលេងថាៈ ក្នុងបណ្ដាអ្នកទាំង អស់គ្នាមាននរណាហ៊ានដេក ហាលមូស១យប់ទេ។ ពេលនោះ មានកូនឈ្នួលកំឡោះម្នាក់ប្រកបដោយរូបឆោម និង ប្រាជ្ញាឈ្លាសវៃ បានឆ្លើយទទួលខ្លួនថា ខ្ញុំហ៊ានបើខ្ញុំដេកហាលមូស១យប់បាន តើលោកដង្ខៅឱ្យអ្វីខ្ញុំ?។ មេធ្នោះបែប អន់ចិត្ដក៏ និយាយតបវិញថា ៖ “អាចោលម្សៀត ឯងចេះតែអួតគេ និយាយសួរឯណានោះ ក៏ឯងនិយាយរ៉ាប់រងដែរ”។ កូនឈ្នួលកំឡោះនោះក៏និយាយតបវិញថា “បើខ្ញុំអួតនោះសូមឱ្យដង្ហៅភ្នាល់ជាមួយខ្ញុំទៅ ហ៊ានដាក់អ្វីក៏ហ៊ានដាក់ ដែរ”។ ដង្ខៅរឹតខឹងនិយាយថា “អញដាក់របស់ទ្រព្យដែលអញមានទាំងអស់ អញចុះចេញតែខ្លួនទេ ឱ្យតែឯងហ៊ានឱ្យ អញចងឯងទុកហាលមូស១យប់ទាល់ភ្លឺ ចុះបើឯងពុំហ៊ាន ឬទ្រាំមិនបានវិញ តើឯងសុខចិត្ដនៅបម្រើធ្វើខ្ញុំអញអស់មួយ ជីវិតឬ?” កូនឈ្នួលឆ្លើយថាខ្ញុំសុខចិត្ដធ្វើ តែបើដង្ខៅសុខចិត្ដ ត្រូវឱ្យកូនក្រមុំដង្ហៅមកខ្ញុំទៀតផង កាលបើខ្ញុំឈ្នះ។ ដង្ខៅថា អញសុខចិត្ដមិនខ្លាចទេ បើដូច្នេះត្រូវពពួកកម្មករទាំងអស់ ចាប់វាចងមកភ្លាមឱ្យជាប់នឹង ដើមស្ដីក្រោយខ្ទម អ្នកតានេះចុះ អញសុខចិត្ដហើយ អញចង់ឈ្នះអានេះម្ដង កម្មករទាំងអស់គ្នាត្រូវជួយធ្វើបន្ទាល់អញផង។ កូនឈ្នួល នោះក៏សុខចិត្ដឱ្យគេចងភ្ចាប់និងដើមស្ដ្ដី។ ដល់គេទាំងអស់គ្នាត្រឡប់មកលំនៅវិញ កូនឈ្នួលកំឡោះនោះក៏បន់ស្រន់ អ្នកតាដែលនៅទីនោះថា “សូមឱ្យលោកតាជួយខ្ញុំផង ខ្ញុំបានជាភ្នាល់ជាមួយដង្ខៅធ្នោះទៅហើយ សូមកុំឱ្យមានមូសខាំ ខ្ញុំឱ្យសោះ សូមឱ្យខ្ញុំបានរស់ជីវិត ហើយឱ្យបានកូនក្រមុំមេធ្នោះ និងមានទ្រព្យសម្បតិ្ដ បើបានដូចប្រាថ្នាមែន ខ្ញុំសន្យាថា នឹងទិញមាសបិទដើមស្ដីនេះ តាំងពីគល់រហួតដល់ចុង ហើយធ្វើខ្ទមគ្រឿងឈើប្រក់ក្បឿង ថ្វាយលោកតាទៀតផង ”។

ចំណែកមេធ្នោះនឹកថា អាកូនឈ្នួលដែលវាហ៊ានឱ្យចងហាលមូសនេះ មុខជានឹងស្លាប់ដោយមូសខាំ ដោយខ្សោះឈាម មិនខាន។ តែបើវាទ្រាំមិនបាន វាហៅឱ្យស្រាយពាក់កណ្ដាលអាធ្រាតនោះ វាមុខជានៅធ្វើខ្ញុំបម្រើអញអស់មួយជីវិត មិនខាន។ នៅពេលយប់នោះអ្នកតាដើមស្ដី លេងបៀចាញ់អ្នកតាឯទៀត យកមូសទៅសងគេអស់ មូសដែលធ្លាប់តែ មានដូច គេបាចអង្កាមក្លាយទៅជាស្ងាត់់ឈឹង ឥតសេសសល់បន្ដិចបន្ដួចឡើយ ហើយឈ្ម្នួលនេះទៀតក៏គ្មានមូសខាំបន្ដិច សោះដែរ ដោយហេតុតែវាមាននិស្ស័យ ត្រូវជាគូរព្រេងជាមួយនិងកូនក្រមុំមេធ្នោះ ហើយត្រូវវាឡើងធ្វើជាអ្នកមាន ផង។ លុះភ្លឺឡើងដង្ខៅធ្នោះ និងកូនឈ្នួលឯទៀតនឹកថា “អាកូនឈ្នួលដែលចងនៅដើមស្ដីនោះវាស្លាប់ស្រេចទៅហើយ ” ក៏បបួលគ្នាដើរទៅមើល ស្រាប់តែឃើញអានោះសើចដាក់ដង្ខៅ និងកូនឈ្នួលឯទៀតទៅវិញ។ ពេលនោះអ្នក ឃើញ ទាំងប៉ុន្មានក៏កោតស្ងប់ស្ងែង ខ្លាចអំណាចកូនឈ្នួលនោះគ្រប់ៗគ្នា។ ដង្ហៅនឹកអស់សង្ឃឹម និយាយនិងកូនឈ្នួលឯទៀត ថា “កិច្ចសន្យាដែលអញនិយាយគ្នាពីល្ងាចនោះ ឥឡូវទុកជាកូនឈ្នួលនេះឈ្នះអញហើយ ត្រូវអញលើកទ្រព្យសម្បតិ្ដ និងកូនក្រមុំអញផ្សំផ្គុំឱ្យវា ”។ ក្នុងថ្ងៃដដែលនោះមេធ្នោះឱ្យកាប់ជ្រូក មាន់ទា ធ្វើស្បៀងអាហាររៀបការកូនឈ្នួល និងកូនក្រមុំរបស់ខ្លួន រួចប្រគល់ទ្រព្យសម្បត្ទិ និងមុខរបរដង្ខៅ ឱ្យកូនប្រុសស្រីកាន់កាប់តទៅ។

ដង្ខៅនោះក៏នាំប្រពន្ធ ចុះចេញទៅនៅលំនៅដើមវិញ។ ដង្ខៅធ្នោះថ្មី (ប្ដីប្រពន្ធ) និយយគ្នាថា “យើងត្រូវឱ្យគេទិញមាសសន្លឹកមកបិទដើមស្ដី ហើយធ្វើខ្ទមឱ្យលោកតា តាមតែបងបានបន់ស្រន់បួងសួង”។ លុះធ្វើស្រេចហើយអ្នកតាទីនោះ ក៏មានរិទ្ធានុភាពពូកែ ហើយមិនត្រឹមតែមេធ្នោះ ប៉ុណ្ណោះទេដែលគោរព ទោះបីអ្នកស្រុកឬអ្នកដំណើរតាមដងស្ទឹង ក៏គោរពអ្នកតានោះយក ជាទីពឹងពំនាក់ដែរ។ អ្នកតានោះក៏មានឈ្មោះថា “អ្នកតាដើមស្ដីបិតមាស” តាំងពីត្រឹមនោះមក។ តែសម័យឥឡូវនេះ ដើមស្ដីនោះងាប់បាត់ទៅហើយ ឯខ្ទមដែលមេធ្នោះធ្វើនោះ ក៏ពុកបាក់បែកបាត់ទៅហើយដែរ នៅសល់តែកន្លែងដើមស្ដី នឹងខ្ទមអ្នកតាប្រក់ស្បូវប៉ុណ្ណោះ។ ព្រោះហេតុដូចរៀបរាប់នេះ បានជាភូមិនៅតាមមាត់ស្ទឹងក្បែរខ្ទមអ្នកតាទាំងអស់ បានជាប់ ឈ្មោះថា “ភូមិដើមស្ដីបិតមាស” ហៅក្លាយមកត្រឹមតែ “ភូមិស្ដីបិតមាស ៉ ជាប់រហូតមកដល់សព្វថ្ងៃនេះឯង។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងភ្នំសែនហាន – រឿងព្រេងខ្មែរ

រឿងភូមិស្តីបិតមាស – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *