Monday , October 19 2020

រឿងបឹងទុំលែង – រឿងព្រេងខ្មែរ

រឿងបឹងទុំលែង – រឿងព្រេងខ្មែរ ៖ បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីភ្នំពេញទៅកាន់ខេត្តបាត់ដំបង ដល់ទៅឃុំគួយជីកដី ក្នុងស្រុកមោងឫស្សី ហើយចុះពីថ្នល់ជាតិតាមផ្លូវខាងជើង​ចេញពីសាលាស្រុកមោងឫស្សី ឈមមុខទៅទិសអាគេ្នយ៍ចម្ងាយប្រហែលជា ១០គីឡូម៉ែត្រ ឬដើរចុះពីថ្នល់ជាតិកាត់ត្រង់ស្ថានីយ៍រថភ្លើងទៅស្វាយព្រៃ ដែលនៅខាងកើតសាលាស្រុកមោងឫស្សី ៧គីឡូម៉ែត្រ រួចឈមមុខ​ទៅទិសទក្សិណ ចម្ងាយប្រហែលជា៤គីឡូម៉ែត្រ យើងនឹងបានឃើញបឹងមួយហៅថា បឹងទុំលែង មានទទឹងប្រវែង១០០ម៉ែត្រ បណ្តោយ៤០០ម៉ែត្រ។ បឹងនោះសព្វថៃ្ងជាបឹងសក្តិសិទ្ធ មានមច្ឆាជាតិ គឺ ត្រី អណ្តើក ជាដើម ច្រើនណាស់ ដោយហេតុអ្នកស្រុកពុំហ៊ាន ទៅមករកធ្វើនេសាទកម្ម ហើយមានទាំងម្រឹគជាតិគឺ ប្រើស ក្តាន់ ឈ្លូស រមាំង ជាដើម នៅក្នុងព្រៃជុំវិញបឹងនោះផង ជាទីចូលចិត្តដល់ពពួកអ្នកបរបាញ់ក្រៃពេក។

រឿងព្រេងទាក់ទងនិងដើមកំណើតនៃបឹងនោះ មានដំណាលដូចតទៅនេះ

កាលពីព្រេងនាយមានព្រះមហាក្សត្រមួយព្រះអង្គ មានបុណ្យបរមីអស្ចារ្យណាស់។ ថៃ្ងមួយព្រះអង្គគង់លើសត្វរមាស ជាព្រះរាជយានជាមួយនិងទម័កម្នាក់ឈ្មោះ នាយទុំ ដើម្បីទៅក្រសាល​និងស្រ្តីម្នាក់ឈ្មោះ នាងមុខរាហ៍។ លុះទ្រង់ធ្វើព្រះគមនាការទៅដល់ភូមិមួយបានទតព្រះនេត្រទៅឃើញស្រ្តីម្នាក់មានលំនាំប្រហែលនាងមុខរាហ៍ តែទ្រង់ទតបញ្ជាក់​ទៅទើបទ្រង់ជ្រាបច្បាស់ថា មិនមែននាងមុខរាហ៍ទេ ក៏ទ្រង់យាងចាកចេញពីទីនោះហួសទៅទៀត។ កាលទ្រង់យាងហួសទៅ ទ្រង់កាត់សំដៅគេហដ្ឋាន នាងមុខរាហ៍ លុះដល់ហើយសេ្តចចុះពីខ្នងរមាស ឲ្យនាយទុំចងរមាសនោះ នៅក្រោមដើមក្រសាំងមួយ ហើយសេ្តច យាងទៅក្រសាលនឹងនាងមុខរាហ៍ទៅ។ ឯនាងមុខរាហ៍ កាលបានសំណេះសំណាលនិងព្រះមហាក្សត្រតាម កាលលោកិយ ហើយក្រាបបង្គំទូលសួរព្រះមហាក្សត្រថា «ព្រះអង្គសេ្តចយាងមកនេះ ដោយយានអ្វី?» ព្រះរាជា ទ្រង់តបថា “បងមកដោយរមាស បងចងទុកក្រោមដើមក្រសាំងឯណោះ”។ រមាសស្តាប់មិនច្បាស់ លឺតែថា រមាសក្រសាំង ក៏នឹកក្នុងចិត្តថា ព្រះមហាក្សត្រថាខ្លួនជាសត្វក្រសាំងទៅវិញ ក៏មានសេចក្តីទោមនស្សដោយនឹកឃើញថា «អញមានសេចក្តីស្មោះត្រង់និងលោក យកអាសារលោក ខំជូនលោកមកទាំងយប់ ទាំងអាធ្រាត្រ អត់ដំណេក ស្រេកបង្គុយ លោកទៅជាថាឯងក្រសាំងទៅវិញ» នឹកហើយរមាសក៏បោលផ្តាច់ខែ្ស ពីដើមក្រសាំងទៅ។ ឯនាយទុំក៏ខំរត់តាមជាប់ពីក្រោយរមាសទៅដែរ។

ឯព្រះមហាក្សត្រកាលបើទ្រង់ជ្រាបថា រមាសបោលផ្តាច់ខែ្សដូចេ្នះហើយ សេ្តចក៏ទ្រង់ធ្វើព្រះគមនាការយាងទៅតាមដែរ។ លុះនាយទុំតាមទាន់ត្រង់វាលមួយ ក៏តោងកន្ទុយរមាសជាប់ តែរមាសពុំព្រមឈប់សោះ។ នាយទុំបានឈរជ្រែងជើងទប់ដី ដីក៏របើកទាំងផ្ទាំងៗ។ ព្រះមហាក្សត្រទ្រង់ទតឃើញដូច្នោះ ក៏ទ្រង់ស្រែកទៅពីក្រោយថា “ទុំលែងៗ” ទើបនាយទុំលែងរមាសនោះ។ ឯរមាសក៏បោលចូលព្រៃបាត់ទៅ ជាប់ទាំងអានដែលនៅលើខ្នង នោះទៅផង។ ព្រះមហាក្សត្រទ្រង់ខ្ញាល់ណាស់ ទ្រង់ដាក់បណ្តាសាដល់សត្វរមាសនោះថា ពូជអាឯងចាប់ពីថៃ្ងនេះតទៅ ត្រូវស៊ីតែ បន្លាជាអាហារ និងផឹកតែទឹកល្អក់ជាដរាប។ ព្រោះហេតុដូចោះឯង បានជានៅលើខ្នងសត្វរមាសទាំងឡាយ សព្វថៃ្ងនេះមានស្រទាប់លើខ្នង សណ្ឋានដូចគេចងអានទុក សែ្បកក៏ក្រហេងក្រហូងជាច្រើនស្រទាប់ ជាទីជ្រកនៅ នៃពួកសត្វកែ្អប និងខ្ទួយ ហើយស៊ីតែឈើ ឬវល្លិ៏ណាដែលមានបន្លាជាអាហារ ផឹកតែទឹកល្អក់ ទោះបីទឹកថ្លាក៏ វាយកជើងកូរឲ្យទាល់តែល្អក់សិន ទើបបានផឹក។ ដោយត្រូវបណ្តាសាព្រះមហាក្សត្រតាំងពីពេលនោះឯងត្រង់កនែ្លងដែលនាយទុំតោងកន្ទុយរមាសឈរជ្រែងជើងធាក់ដីនោះ ក៏ក្លាយជាបឹងមួយ មានទំហំដូចពោលខាងលើ ហៅថា “បឹងទុំលែងៗ” ជាប់ដរាបមកដល់សព្វថៃ្ងនេះ។ ឯភូមិទីលំនៅរបស់នាងមុខរាហ៍នោះ ក៏មានឈ្មោះប្រាកដ ជាប់មកថា ភូមិមុខរាហ៍ ជាដរាបមកដល់សព្វថៃ្ងនេះដែរ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងបុរសឆោតបួននាក់ – រឿងព្រេងខ្មែរ

រឿងបឹងទុំលែង – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *