Wednesday , March 27 2024

ម៉ែ – កំណាព្យខ្មែរ

ម៉ែ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

ម៉ែ !!! – កំណាព្យខ្មែរ

ម៉ែ !!! – កំណាព្យខ្មែរ

ម៉ែអើយម៉ែថ្លៃកូនរែងនឹកគុណគាប់សន្ធឹកម៉ែឱ្យកូន
ម៉ែផ្តល់កំណើតជុំបងប្អូនឥឡូវម៉ែសូន្យបាត់រូបកាយ ។
ម៉ែរក្សាកូននៅក្នុងផ្ទៃភ័យព្រួយមមៃចាញ់ធុំបាយ
ម៉ែក្អួតចង្អោរស្លេកស្លាំងកាយអត់ទឹកខានបាយម៉ែស៊ូទ្រាំ ។
ម៉ែពពោះកូននៅក្នុងផ្ទៃខិតខំវាសវៃញើសជោកជាំ
បោកលាងសំអាតមើលថែទាំកិច្ចការម៉ែទ្រាំមិននឿយណាយ ។
គម្រប់ប្រាំបួនខែដប់ថ្ងៃប្រសូតបុត្រថ្លៃម៉ែខ្វល់ខ្វាយ
ឆ្លងគ្រោះថ្នាក់ធំបៀតរាងកាយផុតទុក្ខរសាយខ្វល់រក្សា ។
កូនយំម៉ែព្រួយច្រៀងបំពេស្រឡាញ់មាសមេស្មើនេត្រា
អាចម៍នោមប្រឡាក់អង្គកាយាម៉ែថ្នមវាចាថើបថែកូន ។
ទឹកដោះម្តាយថ្លៃបំប៉នកាយកូនរស់សប្បាយម្តាយស្ទើរសូន្យ
ក្តៅគ្រុនរាករូសម៉ែថែកូនគុណម៉ែដូចក្បូនប្រាកដណាស់ ។
នឹកម៉ែធ្លាប់ឱ្យនំចំណីរស់នៅក្រក្រីក្នុងខ្ទមចាស់
សម្លៀកបំពាក់មួយបន្លាស់ម៉ែថែទាំផ្លាស់ឱ្យកូនស្អាត ។
ម៉ែអប់រំកូនឱ្យធ្វើល្អរៀនសូត្របន្តឱ្យកូនឆ្លាត
ម៉ែស៊ូលំបាកទោះបង់ខាតឃើញកូនឱហាតទុក្ខរសាយ ។
កូនរៀនចប់ថ្នាក់មានការងារមិនគួរកំព្រាបាត់អ្នកម្តាយ
គួរបានចិញ្ចឹមថ្នាក់ថ្នមកាយថែទាំនាយអាយកិច្ចតបស្នង ។
១០កូនបដិបត្តិគ្រប់បណ្តាំម៉ែអើយកូនចាំល្អកន្លង
កាយវាចាចិត្តល្អឥតហ្មងរក្សាចងក្រងកេរដំណែល ។

កំណាព្យពេញនិយមបន្ទាប់ ៖ កូនអើយកុំក្រ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *