Tuesday , March 19 2024

ដើមកំណើតជនជាតិខ្មែរ

ដើមកំណើតជនជាតិខ្មែរ ៖ បញ្ហាដើមកំណើតជាតិខ្មែរនេះ មានចោទឡើងរៀងរាល់ពេល ដែលគេធ្វើការសិក្សាស្រាវជ្រាវពីអរិយធម៌ ឬ ពីប្រវិត្តិសាស្ត្រខ្មែរ។ យ៉ាងណាមិញជាតិ ឬ ពូជអំបូរជាមូលធម៌មួយយ៉ាងសំខាន់ ជួយបំភ្លឺអ្នកប្រាជ្ញក្នុងការសិក្សាស្រាវជ្រាវពីអរិយធម៌របស់ជនជាតិណាមួយ។ ចំពោះខ្មែរយើង ការយល់មិនច្បាស់ពីអត្តសញ្ញាណ នេះហើយជាហេតុនាំអោយអ្នកសិក្សាខ្លះ មានការភ័ន្តច្រលំរហូតដល់ទាញភ្ជាប់ជាតិខ្មែរទៅនឹងជាតិណាមួយដែលយល់ថាមានអរិយធម៌ខ្ពង់ខ្ពស់ជាងខ្មែរ។

ជាយូរយារណាស់មកហើយ អ្នកសិក្សាស្រាវជ្រាវពីខ្មែរបានខិតខំដោះស្រាយបញ្ហាដ៏សំខាន់នេះហើយបានបញ្ចេញជាយោបល់ ឬ សម្មតិកម្មប្លែកៗគ្នា ហើយជួនកាលក៏ផ្ទុយគ្នាស្រឡះតែម្ដង។ ប៉ុន្តែយើងអាចប្រមូលយោបល់ ឬ សម្មតិកម្មទាំងនោះបានជា៣ប្រភេទ៖

១. យោបល់ដែលយល់ថាខ្មែរគឺឥណ្ឌា ឬ ថាខ្មែរ និង ឥណ្ឌាជាជាតិតែមួយ

ទស្សនៈបែបនេះលោកឧកញ្ញា ឈឹម ក្រសេម បានបញ្ជាក់យ៉ាងពិស្ដារក្នុងសៀវភៅ ពង្សាតាខ្មែរ ភាគទី១ បោះពុម្ភនៅភ្នំពេញ គ.ស ១៩៧១។ លោកបានសរសេរជាអាទិថា តាមដែលបានស្រាវជ្រាវតាមផ្លូវប្រវត្តិសាស្ត្រមកហើយ​ ប្រាកដថាក្នុងដែលឥណ្ឌាភាគខាងត្បូង ដែលផុតអំពី​មធ្យមប្រទេសជាទីតាំងប្រទេសជាច្រើននៅត្រង់រវាងកណ្ដាលនៃប្រទេសនោះ គឺត្រង់ដែលហៅថា ទក្ខិណាបថ ឬ ទស្សិណាទ្ធិគោលមានប្រទេសមួយឈ្មោះ កុមេរុ ជាប្រទេសធំមានប្រជាជនកុះករច្រើន ខ្មែរយើងដើមឡើយ មុនដែលផ្សាយមកនៅក្នុងកម្ពុរដ្ឋ-អាស្រ័យនៅក្នុងកុមេរុរដ្ឋនោះៗជាប្រទេសរបស់ខ្មែរពីបុរាណកាលមក។ ឈ្មោះជាតិខ្មែរហៅត្រឹមត្រូវតាមសូស័ព្ទដើមថា កុមេរុ ដូច្នេះតែតាមសំឡេងនិយាយជាធម្មតាថា​កុមេរុ៍ ទំនងឈ្មោះ ភ្នំសុមេរុ គេហៅនៅត្រឹម សុមេរុ៍។ លុះយូរមក ឈ្មោះនេះបានក្លាយចេញទៅទៀតប្រាកដនៅសិលាចារឹករបស់ខ្មែរថា ក្មេរ ទៅជាសំឡេងផ្សំក្រោយសម័យសិលាចារឹកមកបានប្រែថា ខ្មែរ។ តាំងពីក្រោយព្រះពុទ្ធកាលប្រមាណ២០០ ឆ្នាំជាដើមមកជនជាតិខ្មែរបានផ្ដើមផ្សាយមកក្នុងដែនដីសុវណ្ណាភូមិ។ ពួកខ្លះមកដោយប៉ងដើម្បីរកស៊ីលក់ដូរតាមធម្មតា ពួកខ្លះមកដោយរត់សឹក។ អ្នកដែលនាំអារ្យធម៌ពីឥណ្ឌាមកផ្សាយក្នុង ដែនដីអោយនេះ គឺខ្មែរអាស្រ័យជាតិខ្មែរជាអ្នកមានអារ្យធម៌ខ្ពង់ខ្ពស់ទាំងមានឥទ្ធិពលទើបអាចផ្សាយអារ្យធម៌របស់ខ្លួនទៅលើជាតិទាំឡាយដែលនៅក្រោមអំណាច និង ជាតិទាំងឡាយដែលនៅជិតខាងទៀតផង ដោយហេតុនេះទើបមានឆាយាថា ខ្មែរជាឥណ្ឌាទី២ នៅក្នុងដែនដីសុវណ្ណាភូមិ។ ខ ដែលថាខ្មែរយើងផ្សាយមកពីឥណ្ឌា ដូច្នេះតើមានអ្វីខ្លះជាសំអាងតបថាក្រៅពីជាតិ និង ឈ្មោះប្រទេសដូចពោលហើយ នៅមានភ័ស្តុតាងយ៉ាងដទៃទៀតជាច្រើនយ៉ាងជាសំអាងគឺ៖

ក. លក្ខណៈអក្សរ និង ភាសា
ខ. លទ្ធិប្រពៃណី និង សាសនា
គ. ពង្សាវតា និង សេចក្ដីកត់ហេតុ

ជាតិខ្មែរ និង ជាតិជ្វា ជាម្ចាស់ស្រុកដើម បានរួមគ្នាទៅជាជាតិមួយហៅថា កុមេរុ គឺជាខ្មែរសព្វថ្ងៃនេះ។ ខ្មែរក្នុងជាន់ដើមរូបរាងច្រើនស្រុងៗ ច្រមុះស្រួច សំបុរ កាយខ្មៅស្រអែម ឯជាតិជ្វានោះមានលក្ខណៈរូបរាងជាយ៉ាងមធ្យម សំបុរកាយសជ្រះ រូបច្រើនល្អ។ ពង្សាវតាភូមាថា មន និង ខ្មែរបងប្អូនផងគ្នាចុះមកអំពីឥណ្ឌាទាំងពីរពួក តែពួកមន ផ្សាយមកមុនបន្តិច។

ដើមកំណើតជនជាតិខ្មែរ - អំពីកម្ពុជា

ទស្សនៈរបស់លោកឧកញ្ញា​ ឈឹម ក្រសេម ខាងលើនេះមានជនបរទេសយល់ស្របតាម និង យកទៅប្រើប្រាស់ជាផលប្រយោជន៍របស់គេថែមទៀត។ លោក Pierre Loti អ្នកនិពន្ធបារាំងដ៏ល្បីល្បាញមួយរូប បានសរសេរក្នុងសៀវភៅឈ្មោះ Pelerin d’Angkor ថា Le peuplekhmer, Rameau detache de la grande race aryenne…. (ប្រជារាស្ត្រខ្មែរជាមែកធាងដែលដាក់ចេញពិមហាអំបូរអារ្យ)។ ចំណែកលោកមុំសេនីប្រាមោជ មេធាវីថៃ អមតុលាការអន្តរជាតិ នាទីក្រុងឡាអេ បានលើកយកទស្សនៈបែបនេះមកធ្វើជាទឡ្ហិក ដើម្បីប្រឆាំងនិងខ្មែរយើងក្នុងរឿងក្ដីប្រាសាទព្រះវិហារ ហើយដែលសារពត៌មានសៀមឈ្មោះ ឆាវថៃ ចុះថ្ងៃទី៣១ ខែ តុលា ១៩៥៩ បានរំលឹកថា មុំសេនីប្រាមោជបានិយាយថា ពពួក ខម ជាជនជាតិអំបូរឥណ្ឌា។ ជនជាតិថៃមានដើមកំណើតក្នុងខេត្តយូរណាន ប្រទេសចិន បានវាយយកជោគជ័យទៅលើជាតិ ខម រហូតដល់ពួកគេត្រលប់ទៅស្រុកឥណ្ឌាវិញ។ ដែនដីពីដើមពួកខម តាំងនៅក៏ក្លាយទៅជាតិថៃ ហើយប្រជាជនថៃក៏បែងចែកខ្លួនជា២ក្រុម។ ក្រុមទី១មកតាំងនៅតំបន់ទំនាប ដែលគេអោយឈ្មោះសព្វថ្ងៃថា កម្ពុជា។ ក្រុមមួយទៀតបានតាំងនៅតំបន់ខ្ពស់ ហើយនៅថែរក្សាឈ្មោះថៃដដែល។

២. យោបល់ដែលចាត់ទុកជាតិខ្មែរជាជាតិប្រវេសន៍ ចេញពីប្រទេសឥណ្ឌា

យោបល់ដែលចាត់ទុកជាតិខ្មែរជាជាតិប្រវេសន៍ ចេញពីប្រទេសឥណ្ឌាហើយមកលុកលុយដណ្ដើមយកទឹកដីរបស់ជាតិដើមមួយគឺ ជនជាតិក្នុងអំបូរម៉ាឡាយូ ប៉ូលីនេស៊ីយែន ឬ ជនជាតិថៃ កាដៃ ប៉ុន្តែជាជាតិមួយដោយឡែកពីជាតិឥណ្ឌា ហើយស្ថិតក្នុងអំបូរមន ខ្មែរ។ នេះជាទស្សនៈរបស់លោក Henkrik kem លោក Adhemard Leclere លោក Paul Benedict និង លោក Pirere Gourou។ ចំពោះទស្សនៈលោក Pirere Gourou បានបញ្ជាក់ថាជនជាតិមន ខ្មែរ ប្រហែលជាត្រូវពួកទ្រាវិឌ ឬ ពួកអារ្យច្រានចេញពីឥណ្ឌា ហើយដោយមាននៅសល់ក្រុមខ្លះដូចជាពួកមុណ្ឌបានមកលុកលុយប្រទេសភូមា ប្រទេសសៀម និង ប្រទេសកម្ពុជា។

គេអាចបន្ថែមទៅក្នុងក្រុមអ្នកស្រាវជ្រាវទី២​នូវឈ្មោះលោក Etienne Aymonier ដែលយល់ថាក្រុម មន ខ្មែរ មុណ្ឌ មានទីតាំងដើមនៅក្នុងភូមិភាគអាស៊ីអាគ្នេហ៍ ឯមួយក្រុមទៀត (មុណ្ឌ) ចូលទៅនៅក្នុងប្រទេសឥណ្ឌារហូតដល់សព្វថ្ងៃ។

៣. យោបល់ដែលទទួលស្គាល់ថា ជាតិខ្មែរជាជាតិពិសេសមួយស្ថិតនៅក្នុងអំបូរ មន ខ្មែរ ហើយបានកើតឡើងនៅភូមិភាគអាស៊ីអាគ្នេហ៍នេះតែម្ដង

នេះគឺជាទស្សនៈរបស់លោក Berard Philippe Groslier និង លោក Marcel Talabot ជាដើម។ លោកទាំងពីរនេះយល់ឃើញថាក្នុងសម័យ បុព្វប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយមានមនុស្សពូជខុសគ្នាបានធ្វើដំណើរពីខាងជើងចុះមកអាស៊ីអាគ្នេយ៍ ហើយផ្សំកាត់ជាមួយគ្នា។ តាមការប៉ាន់ស្មានរបស់លោកទាំងពីរ អំបូរ មន ខ្មែរ យើងកើតមកពីការផ្សំកាត់រវាងពូជមេឡាណេស៊ីយ៉ាង និង ពូជ ឥណ្ឌូណេស៊ីយ៉ាង ហើយបានរស់នៅលើទឹកដីលាតសន្ធឹងពីឆ្នេរសមុទ្រចិន រហូតដល់ព្រំប្រទល់ប្រទេសឥណ្ឌា។

ដឹងរួចមកហើយ ឃើញបានលាតត្រដាងនូវយោបល់ និង សម្មតិកម្មរបស់អ្នកសិក្សាស្រាវជ្រាវពីជាតិខ្មែរ។ ឃើញថាយោបល់ និង សម្មតិកម្មទាំងនោះ ទោះបីប្លែកគ្នា ក៏បានស្របគ្នា ត្រង់ចំណុចដែលថាខ្មែរ និង មន ស្ថិតនៅក្នុងអំបូរជាមួយគ្នា គឺអំបូរមួយពិសេស ឬ ក៏ជាជាតិឥណ្ឌាដែរ?

បើតាមទស្សនៈរបស់លោកឧកញ្ញា ឈឹម ក្រសេម ឃើញថាគឺជាឥណ្ឌាហ្នឹងឯង ព្រោះបានចេញមកពីប្រទេសឥណ្ឌាមានឈ្មោះជាឥណ្ឌា មានទំនៀបទំលាប់ សាសនា អក្សរ ភាសារ ជារបស់ឥណ្ឌា ហើយមនុស្សខ្មែរដើមទៀតសោតក៏មានលក្ខណៈជាឥណ្ឌាបេះបិទ ហើយលោកបានបញ្ជាក់ថាខ្មែរជាឥណ្ឌាទី២។

ប្រសិនបើយើងលើកយកលទ្ធផលនៃការស្រាវជ្រាវរបស់នរវិទូក្នុងពិភពលោកមកពិនិត្យមើលឃើញថា មនុស្សខ្មែរ និង មនុស្សឥណ្ឌា (ទាំងពួកស ពួកខ្មៅ) មានលក្ខណៈឆ្ងាយគ្នាណាស់។ យ៉ាងណាមិញខ្មែរមានកំពស់ជាមធ្យម ១.៦១ម និង​ សន្ទស្សន៍លលាដ៏ក្បាល ៨៤.៥ (ក្បាលមូល) ចំណែកឯពួកឥណ្ឌា ស (អារ្យ) មានកំពស់ ១.៧២ម និង សន្ទស្សន៍លលាដ៏ក្បាល ៧៣.៨ (ក្បាលពយ) និង ពួកឥណ្ឌាខ្មៅ (ទ្រាវិឌ) មានកំពស់១.៦២ម និង​ សន្ទស្សន៍លលាដ៏ក្បាល ៧៦.​២ (ក្បាលពយទៀត)។

ឯការដែលអះអាងថាខ្មែរចេញពីប្រទេសឥណ្ឌានោះតើមានអ្វីអាចបញ្ជាក់បាន? ត្រង់ទំនៀមទំលាប់ សាសនា អក្សរភាសា ក្នុងផ្នែកនេះ ខ្មែរយើងបានទទួលឥទ្ធិពលពីឥណ្ឌាក៏ពិតមែន ប៉ុន្តែការសិក្សាជីកដល់ជម្រៅបានបង្ហាញអោយឃើញថា ខ្មែរយើងមានអរិយធម៌ផ្ទាល់របស់ខ្លួនទៅហើយមុនដែលបានទាក់ទងជាមួយឥណ្ឌា។ បានសេចក្ដីថា ខ្មែរជាពូជដោយឡែកពីឥណ្ឌា នេះហើយជាទស្សនៈរបស់ក្រុមអ្នកស្រាវជ្រាវទី ៣ ដែលយល់ថាអំបូរខ្មែរមន បានកកើតឡើងនៅត្រង់ភូមិភាគអាស៊ីអាគ្នេយ៍នេះតែម្ដង ដោយការផ្សំកាត់រវាងពួកមេឡាណេស៊ីយាង (កំពស់ពី ១.៦៥ម ក្បាលពយ) និង ពួកឥណ្ឌូណេស៊ីយាង (កំពស់ពី ១.៦០ម ទៅ ១.៦៣ម​ ក្បាលមូល)។

គួរកត់សំគាល់ថាទស្សនៈនេះមានលក្ខណៈស្របនិងទស្សនៈរបស់ខ្មែរដែល ពីព្រោះបើយើងសំអាងទៅលើរឿងព្រេងខ្មែរក៏ដោយ លុះត្រាតែមាន នាងនាគ នៅស្រុកខ្មែរនេះឯង ទើប ព្រះថោង (ដែលគេថាមកពីស្រុកឥណ្ឌា) បានជួបប្រភពគ្នាដោយបានគ្រប់គ្រងស្រុកគោកធ្លកនេះដែរ។ បានសេចក្ដីថា លុះត្រាតែមានជាតិខ្មែរនៅលើកោះគោកធ្លកនេះដែរ ទើបឥណ្ឌាអាចផ្សាយអរិយធម៌របស់ខ្លួនបានខ្លះចូលក្នុងស្រុកខ្មែរ។ និយាយពីដើមកំណើតជាតិខ្មែរនេះដែរ លោក Maurice Glaizer អតិតអភិរក្សអង្គរ បានសរសរជាអាទិថា ” មិនមែនដូចអ្នកខ្លះបានយល់នោះទេ បានជាប្រជាជនមួយ ដែលមានដើមកំណើតជាឥណ្ឌាសុទ្ធសាធហើយដែលបានមកតាំងនៅក្នុងតំបន់មួយគ្មានមនុស្ស ឬ ក៏បានកំចាត់ពួកអ្នកស្រុកអោយដោយការសម្លាប់រង្គាល ឬ ការនិរទេសទាំងហ្វូង ប្រជារាស្ត្រខ្មែរ គឺជាអ្នកស្រុកដើមដែលបានទទួលឥទ្ធិពលអរិយធម៌ឥណ្ឌា ” ។

ឯលោក Henri Marchal អតិតអភិរក្សអង្គរដែរ បានសរសេរថា ខ្មែរមិនមែនជាមនុស្សពូជសាសន៍ ឥណ្ឌាទេ ខ្មែរជាលទ្ធផលនៃការផ្សំកាត់ច្រើនជាមួយនឹងមលយូ ឥណ្ឌូណេស៊ីយ៉ាង។ ចំពោះយោបល់ដែលថា ខ្មែរបានមកលុកលុយដណ្ដើមយកទឹកដីរបស់ជនជាតិ ដើមមួយនោះច្រើនតែសំអាងទៅលើរឿងព្រេងខ្មែរដែលបាននិទានថា មានស្តេចចាមមួយអង្គ បាននាំបរិវារ៥០០នាក់ ជិះសំពៅកំសាន្តតាមមហាសាគរ លុះប៉ះនឹងខ្យល់ព្យុះបោកបក់មកនាំ អោយវិនាសសំពៅអស់ទៅក៏រសាត់ទៅដល់កោះគោកធ្លក ហើយបានទៅរស់នៅទីនោះតទៅ។

តាមយោបល់យើង ការដែលថាជ្វា ឬ ចាម ជាម្ចាស់ដើមនៃស្រុកគោកធ្លកដូចជាមិនទំនង ព្រោះពួកនោះជាអ្នកចំណូលថ្មីបានជិះសំពៅមកពីស្រុករបស់គេ (មិនដឹងថានៅទីណានោះទេតែបើតាមកាប៉ាន់ស្មានមើលប្រហែលមកពីម្ដុំខ្ពង់រាបខ្ពស់ប្រទេសវៀតណាមសព្វថ្ងៃ មិនមែនមកពីប្រទេសឥណ្ឌូនេស៊ី ព្រោះចរន្តច្រើនចុះពីជើងទៅត្បូង។ តាមសេចក្ដីដំណាលរបស់រឿងព្រេងដដែលឃើញថា​ ព្រះថោង បានមករៀបការជាមួយព្រះនាងលីវ យី ដែលរស់នៅទីនោះមុនការមកដល់នៃពួកចាម និង ព្រះថោងទៅទៀត។ បើដូច្នេះតើយើងចាត់ទុកថា នាងនាគនេះជាអ្វី?

រួមសេចក្ដីមក ឃើញថាមានភស្តុតាងជាច្រើនបង្ហាញថា ខ្មែរជាជាតិមានចំណាស់បានកកើតឡើងនៅអាស៊ីអាគ្នេយ៍នេះ ហើយស្ថិតនៅក្នុងអំបូរមនុស្សមួយដោយឡែកពីអំបូរឥណ្ឌា​ហើយដែលនរៈវិទូលោកអោយឈ្មោះថា អូស្ត្រូអាស្យាទិក។ ជាតិខ្មែរបានកើតឡើងបានវិវត្តហើយមានជីវិតស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ នៅលើទឹកដីដែលដូនតាខ្លួនបានធ្វើការកសាងទុកជាកេរដំណែល។ ចំណែកជនជាតិដទៃទៀត ដែលបានមករស់នៅលើទឹកដីដែលបានមករស់នៅភូមិភាគអាស៊ីអាគ្នេយ៍ដីគោកសព្វថ្ងៃ ជាអ្នកជិតខាងរបស់ខ្មែរ គឺសុទ្ធតែបានមកដល់ក្រោយ (លើកលែងតែជនជាតិចាមចេញ) គឺថាបានចូលមកក្នុងសម័យប្រវត្តិសាស្ត្រដែលគេអាចដឹងច្បាស់តាមឯកសារផ្សេងៗ៕

អត្ថបទពេញនិយមបន្ទាប់ ៖ សម័យអាណានិគមនិយមបារាំង

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *