Sunday , June 20 2021

ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់ ៖ វិធីសាស្ត្រ​រក​គុណសម្បត្តិ ។

ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់

ចង់ចេះឲ្យសម្លាប់អាចារ្យ

ពាក្យ អាចារ្យ មាន​ន័យ​ថា អ្នក​ដឹកនាំ ឬ​អ្នក​បង្ហាត់​បង្រៀន ។ ធម្មតា​អ្នក​ដឹកនាំ​តែង​រមែង​មាន​ផ្លូវ​ពីរ​គឺ ផ្លូវ​ល្អ និង​ផ្លូវ​អាក្រក់ ។ អាចារ្យ​នៅ​ពេល​នេះ លោក​សំដៅ​យក​អាចារ្យ​ដឹកនាំ​ទៅ​រក​ផ្លូវ​អាក្រក់ ។

ទាក់ទង​នឹង​ពាក្យ​សុភាសិត​ខាងលើ​នេះ លោក​បាន​លើក​រឿង​មួយ​មក​និទាន​ដូច​ត​ទៅ ៖

នៅ​ក្នុង​សម័យ​ពុទ្ធកាល មាន​មាណព​ម្នាក់​បាន​លា​ចាក​គ្រួសារ​ដើម្បី​ចេញ​ទៅ​ស្វែង​រក​វិជ្ជា ក៏​បាន​ជួប​នឹង​ថេរៈ​មួយ​អង្គ ។ ក្រោយ​ពី​បាន​ដឹង​នូវ​គោល​បំណង​របស់​ចៅ​មាណព​ហើយ ព្រះថេរៈ​ក៏​សួរ​ថា «មុន​នឹង​ចៅ​មាណព​ឯង​មក​ស្វែង​រក​រៀន​វិជ្ជា​នេះ តើ​ឯង​បាន​សម្លាប់​អាចារ្យ​របស់​ឯង​រួច​ហើយ​ឬ​នៅ ?» ។ ទោះ​បី​ព្រះថេរៈ​ដណ្ដឹង​សួរ​ពីរ​បី​ដង ក៏​ចៅ​មាណព​នៅ​តែ​មិន​យល់​ពី​សំណួរ​នេះ​ដដែល ទើប​ព្រះអង្គ​មាន​ព្រះថេរៈ​ដីកា​ថា «ម្នាល​ចៅ​មាណព អាចារ្យ​របស់​ឯង​គឺ​អ្នក​ដឹកនាំ​ដែល​មាន​ឈ្មោះ​ថា “កោសជ្ជៈ” គឺ​សេចក្ដី​ខ្ជិល​ច្រអូស​ដែល​តែង​តែ​ដឹក​នាំ​អ្នក​ឯង​ឲ្យ​ខ្ជិល ស្ពឹក​ស្រពន់ មិន​ចង់​រៀន​សូត្រ» ។ មាណព​ឆ្លើយ​ថា «នៅ​ទេ» ។ ព្រះថេរៈ​មាន​ដីកា​ថា «មិន​កើត​ទេ ត្រូវ​តែ​សម្លាប់​អាចារ្យ​របស់​ឯង​ចោល​ជា​មុន​សិន​ទៅ កុំ​ឲ្យ​វា​មក​ដឹកនាំ​អ្នក​ឯង​ឲ្យ​ខ្ជិល​ច្រអូស ទើប​អ្នក​ឯង​រៀន​សូត្រ​បាន» ។

ត្រង់​នេះ​ហើយ​ដែល​លោក​ពោល​ថា បើ​ចង់​ចេះ​ឲ្យ​សម្លាប់​អាចារ្យ កោសជ្ជៈ ឬ មានៈ នេះ​ជា​មុន​សិន ។

ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់

គល់ នៅ​ទីនេះ លោក​សំដៅ​យក​ភាវៈ​ដែល​នៅ​ក្រោម នៅ​ខ្ចី នៅ​តូច ឬ​អ្វី​ដែល​កើត​មុន​គេ ។ កូន​ចៅ​ដែល​នៅ​តូចៗ​ក៏​លោក​ប្រៀប​ទុក​ដូច​ជា គល់ ដែរ ។ កាល​ណា​គេ​ចង់​បាន​អនាគត​ភ្លឺស្វាង មាន​តម្លាភាព មាន​រស្មី​ត្រចះត្រចង់​សម្រាប់​កូន​ចៅ​ប្រុសស្រី​ដែល​លោក​ទុក​ជា​ផ្លែផ្កា​នោះ លោក​ឲ្យ​ពត់​លត់​ដំ​តម្រង់​ទិស​តាំង​ពី​វា​នៅ​ខ្ចី​តូចៗ ឲ្យ​វា​មាន​អត្តចរិត គំនិត​មារយាទ​ប្រកប​ដោយ​គន្លង​ធម៌ ។ លោក​ប្រៀប​ប្រដូច​ជា​តួយ៉ាង​ដូច​ត​ទៅ ៖

ការ​ពត់​ដើម​ឈើ​ឲ្យ​ទៅ​ជា​រូបសត្វ ឬ​ជា​រាង​ផ្សេងៗ​ទៅ​តាម​បច្ចេកទេស​របស់​ខ្លួន គេ​ត្រូវ​ពត់​នៅ​ពេល​ដើម​ឈើ​នោះ​នៅ​តូច​នៅ​ខ្ចី ។
ជាង​ដែក ត្រូវ​ដុត​ដែក​ឲ្យ​ក្ដៅ​ឡើង​ក្រហម​ងៅ ដើម្បី​ឲ្យ​ដែក​ទន់​ទើប​ដំ​ច្នៃ​ដែក​នោះ​ឲ្យ​ទៅ​ជា​សម្ភារៈ​ប្រើប្រាស់​មាន​តម្លៃ ដូចជា កាំបិត ពូថៅ ជាដើម ។​ ដូច្នេះ​ការ​អប់រំ​កូនចៅ​ប្រុសស្រី​ឲ្យ​បាន​ល្អ តែងតែ​មាន​ការ​លត់​ដំ​ខ្លះ​ជា​មិន​ខាន ។ ត្រង់​នេះ​ហើយ​ដែល​លោក​ពោល​ថា ចង់​បាន​ផ្លែផ្កាឲ្យ​យក​ភ្លើង​ដុត​គល់ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *